នាយកប្រតិបត្តិអាកាសយានដ្ឋានក្រុងឌូបៃ លោក ផូល គ្រីហ្វហ្វ៊ីត (Paul Griffiths) មានសុទិដ្ឋិនិយមខ្ពស់ជាមួយការបង្ហាញក្តីរំពឹងថា ចរាចរអ្នកដំណើរនឹងកើនឡើងច្រើនបំផុតនៅឆ្នាំនេះ និងបន្តកើនឡើងដល់កម្រិតកំពូល១០០លាននាក់នៅឆ្នាំ២០២៧ ជាកម្រិតមួយច្រើនបំផុតមិនធ្លាប់មានក្រោយពីការងើបឡើងវិញពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃលោក គ្រីហ្វហ្វ៊ីត បានប្រាប់កម្មវិធីមួយរបស់ទូរទស្សន៍ CNBC ដោយរំពឹងថា នឹងមានអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះរបស់ខ្លួនចំនួន៩១លាននាក់នៅឆ្នាំ២០២៤ និងរំពឹងបន្តកើនឡើងដល់ជាង១០០លាននាក់នៅត្រឹមឆ្នាំ២០២៧។ លោកជឿជាក់ថា សមត្ថភាពរបស់យន្តហោះ គួបផ្សំកិច្ចខិតខំលើកកម្ពស់ក្រុងឌូបៃឱ្យក្លាយជាជម្រកសុវត្ថិភាពសម្រាប់ទាក់ទាញមនុស្ស និងតម្រូវការដែលកំពុងកើនឡើងក្រោយជំងឺរាតត្បាតនោះ អាចជាមូលហេតុជំរុញឱ្យចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនេះនឹងមានការកើនឡើងបែបនេះ។
អាកាសយានដ្ឋានអន្តរជាតិនេះបានបង្ហោះត្រីមាសដ៏មមាញឹកបំផុតរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រនៅឆ្នាំនេះ ដោយទទួលបានអ្នកដំណើរជាង២៣លាននាក់ នៅត្រីមាសទី១ឆ្នាំនេះកើនឡើងជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា អាកាសយានដ្ឋានក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម គឺជាម្ចាស់ និងជាអ្នកគ្រប់គ្រងលើអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB) និងអាកាសយានដ្ឋានអន្តរជាតិអាល់ម៉ាក់ទួម (Al Maktoum_DWC)។
អាកាសយានដ្ឋាននេះបានចាត់ទុកការកើនឡើងនេះ គឺជាផ្នែកមួយនៃការបង្កើនគោលដៅហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត (Emirates) និងក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក ផ្លាយឌូបៃ (Flydubai) ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន អេមីរ៉ាត ផងដែរ។ កំណើនជើងហោះហើរនេះបានពង្រឹងតួនាទីរបស់អាកាសយានដ្ឋានអន្តរជាតិនេះ ឱ្យក្លាយជាកត្តាជំរុញដ៏សំខាន់មួយដល់ដំណើរការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រុងឌូបៃ និងវិស័យអាកាសចរណ៍នៅមជ្ឈិមបូព៌ាផងដែរ៕