(ហាណូយ)៖ មនុស្សយ៉ាងហោច១៤នាក់ បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះអគ្គិភ័យមួយដែលបានកើតឡើង ក្នុងតំបន់ទីប្រជុំមួយក្នុងទីក្រុង Hanoi នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថាក្រុមអ្នកពន្លត់អគ្គិភ័យបានជួយសង្រ្គោះមនុស្ស ៧នាក់ ពីអគ្គិភ័យដែលបានឆាបឆេះ អគារស្នាក់នៅមួយកម្ពស់៥ជាន់ ស្ថិតនៅលើច្រកផ្លូវតូចមួយ ក្នុងទីក្រុងហាណូយ។ ក្រសួងបន្ថែមថាខ្លួនកំពុងបើកការស៊ើបអង្កេតពីមូលហេតុបណ្ដាលឱ្យមានអគ្គិភ័យនេះ កើតឡើង ខណៈជនរងគ្រោះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៣ អគ្គិភ័យឆាបឆេះ ប្លុកអាផាតធឺមិនមួយក្នុងទីក្រុងហាណូយ បានសម្លាប់មនុស្សយ៉ាងហោច ៥៦នាក់ ក្នុងនោះមានទាំងកុមារ និង៣៧នាក់ រងរបួស៕