(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចថាប្រទេសជាសមាជិក NATO មួយចំនួនក្នុងតំបន់អឺរ៉ុបកំពុងប្រឡែងលេងជាមួយភ្លើង តាមរយៈការជំរុញ ឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធលោកខាងលិចវាយប្រហារលើទឹកដីរុស្ស៉ី ដែលលោក ពូទីនថាអាចនឹងបង្កទៅជាសង្រ្គាមលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្រមានរបស់លោក ពូទីន កើតមានឡើង បន្ទាប់ពីប្រមុខអង្គការ NATO លោក Jens Stoltenberg បានប្រាប់កាសែត Economist ថារដ្ឋជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះ គួរតែអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ីដោយប្រើអាវុធដែលលោកខាងលិចផ្គត់ផ្គង់ឱ្យ។ ការលើកឡើងបែបនេះទទួលបានការគាំទ្រពីសមាជិក NATO មួយចំនួន ប៉ុន្តែសហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរជំទាស់។
នៅចំពោះមុខអ្នកសារព័ត៌មាននាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុង តាស្កិន (Tashkent) នៃប្រទេសអ៊ូសបេគីស្ថានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ការបង្កើនជម្លោះកាន់តែ ខ្លាំង នឹងបង្កជាផលវិបាកធ្ងន់ធ្ងរ ហើយបើផលវិបាកធ្ងន់ធ្ងរទាំងនេះកើតឡើងក្នុងតំបន់អឺរ៉ុប តើសហរដ្ឋអាមេរិកនឹងធ្វើបែបណា? ឬក៏ពួកគេចង់ឱ្យសង្រ្គាមលោកផ្ទុះឡើងឬ?»។ លោក ពូទីន បន្ថែមថាការវាយប្រហាររបស់អ៊ុយក្រែនចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដោយប្រើអាវុធចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិច គឺចាំបាច់ត្រូវតែមានជំនួយពីផ្កាយរណបលោកខាងលិច ចារកម្ម និងជំនួយយោធា ដែលនេះមានន័យស្មើនឹងលោកខាងលិចលូកដៃដោយផ្ទាល់ក្នុងជម្លោះ។
លើសពីនេះទៅទៀត លោក ពូទីន ក៏បានព្រមានដែរថាការបញ្ជូនកងទ័ពណាមួយ របស់បារាំងទៅកាន់អ៊ុយក្រែន នឹងក្លាយជាការបោះជំហានមួយឆ្ពោះទៅរកសង្រ្គាមលោក។ «បណ្ដា ប្រទេសតូចៗនៅទីនោះ (អឺរ៉ុប) គួរតែស្វែងយល់ថាតើពួកគេកំពុងប្រឡែងលេងជាមួយអ្វី ក្នុងពេលពួកគេមានទឹកដីតូច និងមានដង់ស៊ីតេប្រជាជនច្រើន។ នេះជាកត្តាមួយដែល ពួកគេត្រូវតែគិត មុននឹងនិយាយពីការវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី»។ នេះជាការព្រមានបន្ថែមរបស់លោក ពូទីន។
គួរបញ្ជាក់ថា រុស្ស៉ីសព្វថ្ងៃ កំពុងកាន់កាប់១៨ភាគរយនៃទឹកដីអ៊ុយក្រែន និងកំពុងមានភាពរីកចម្រើនក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ក៏ដូចជាបានបើកសមរភូមិសង្រ្គាមសាជាថ្មី ក្នុងតំបន់ Kharkiv ជាហេតុជំរុញឱ្យមេដឹកនាំលោកខាងលិចខ្លះចាប់ផ្ដើមជជែកវែកញែកពីលទ្ធភាពបញ្ជូនកងទ័ព ឬអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធលោកខាងលិចវាយប្រហារលើទឹកដី រុស្ស៉ី៕