Alynana Media Cambodia
Icon Collap
clinic narit

ពលរដ្ឋប្រើប្រាស់សេវាបង់ពន្ធគ្រប់ប្រភេទ តាមធនាគារវីង ដោយឥតគិតថ្លៃ

Media LNN | May 29, 2024
ពលរដ្ឋប្រើប្រាស់សេវាបង់ពន្ធគ្រប់ប្រភេទ តាមធនាគារវីង ដោយឥតគិតថ្លៃ
Clinic narith

 

(ភ្នំពេញ)៖ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ អគ្គ​នាយកដ្ឋានពន្ធដារ បានសហការជាមួយធនាគារវីង (ខេមបូឌា) ម.ក ក្នុង​ការ​បង្កើត​កម្ម​វិធី​អាច​បង់ពន្ធ​គ្រប់ប្រភេទ តាមរយៈធនាគារមួយនេះ ដោយឥតគិតថ្លៃ ។

នៅក្នុងពិធីសម្ពោធជាផ្លូវការ លើកិច្ចសហការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវីង ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារវីង សម្រាប់ប្រតិបត្តិការចំណូលពន្ធដារគ្រប់ប្រភេទ ដែល​ប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងអនុវត្តនៅទូទាំងប្រទេស នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២៤ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារវីង លើកឡើងថា កិច្ចសហការនេះ សាធារណ​ជន​នឹង​មានជម្រើស ទូទាត់ពន្ធកាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ដោយអាច​ទូទាត់​បាន​តាម​បញ្ជរ​សាខាធនាគារវីងទាំង ២២ទីតាំង នៅទូទាំងប្រទេស រៀងរាល់ម៉ោង​ធ្វើការ​ដោយ​មិនគិត​ថ្លៃ​សេវា​បន្ថែម ពោលគឺនៅតាមចំនួនទឹកប្រាក់ នៅក្នុងវិក្កយបត្រតែប៉ុណ្ណោះ ។

លោកបន្តថា អាស្រ័យហេតុនេះ សូមសាធារណជនអាចទូទាត់ប្រាក់ពន្ធ បាននៅ​តាម​បណ្ដា​សាខា​ធនាគារវីងនៅជិតបំផុត ដោយភ្ជាប់មកជាមួយឯកសារ ដែលមានជាការស្រេច ហើយ​សង្ឃឹម​ថា​ធនាគារវីង នឹងអាចប្រើប្រាស់បច្ចេកវិទ្យាហិញ្ញវត្ថុ និងជំនាញ ដើម្បីគាំទ្រ​ទៅ​ដល់កា​រ​ប្រមូល​នូវ​ពន្ធគ្រប់ប្រភេទ សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ របស់សង្គម​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ជាង​មុន ដោយបច្ចេកវិទ្យាឌីជីថល បានជួយឲ្យសាធារណជនទាំងអស់ អាចបំពេញ​កាតព្វកិច្ច​ពន្ធ​បានដោយងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ក្នុងឱកាសនោះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយក នៃ​អគ្គ​នាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា តាមរយៈការព្យាករណ៍ ក្នុងមួយ​ឆ្នាំ​អាច​ប្រមូល​ពន្ធ​បាន​ជាង​ ៤ពាន់លានដុល្លារ ដែលការប្រមូលចំណូលនេះ តាមរយៈធនាគារវីង នឹងទទួលបានគ្រប់ ប្រកប​ដោយ​សាកសិទ្ធភាព ប្រសិទ្ធភាពការងារ និងតម្លាភាព ។

ឯកឧត្តម​បាន​បន្តថា ការបង់ពន្ធតាមសេវាកម្មបច្ចេកវិទ្យានេះ គឺលឿន ពុំចាំបាច់ទៅបង់ពន្ធ​នៅ​តាម​សាខា​ពន្ធដារ អាចបង់បានតាមធនាគារវីង ជាពិសេសអ្នកបង់ពន្ធមធ្យោបាយ បង់ពន្ធលើ​អចលន​ទ្រព្យ ដែលនេះជាចំណុចសំខាន់ ព្រោះបានជួយកាត់បន្ថយការចំណាយលើពេលវេលា កាត់​បន្ថយការចំណាយលើថវិកា ត្រូវធ្វើដំណើរទៅបង់ពន្ធនៅទីតាំងឆ្ងាយៗ ដែល​ចំណុច​នេះ​ហើយ​ រាជរដ្ឋាភិបាលចង់ឃើញ វិស័យឯកជន និងរដ្ឋធ្វើការជាមួយគ្នា ដើរទៅមុខទាំងអស់គ្នា ។

សម្រាប់ការអនុវត្តបង់ពន្ធនេះ គឺអតិថិជនអាចទៅកាន់សាខាធនាគារវីង នៅជិតបំផុត ហើយ​ភ្ជាប់​ជាមួយ​ឯកសារតិចតួច នៅពេលទៅដល់បញ្ជរបង់ពន្ធ និងសេវាសាធារណៈរបស់ធនាគារវីង បុគ្គលិក​បម្រើសេវាកម្ម នឹងជួយសម្រួលអតិថិជន ក្នុងការជ្រើសរើស​មធ្យោបាយ​ទូទាត់​ដែល​មាន​ពីរ​ជម្រើសផ្សេងគ្នា ហើយបន្ថែមលើនេះ អតិថិជនក៏អាច​ជ្រើសរើស​ការ​ទូទាត់​តាម​ប្រព័ន្ធ​អ​នឡាញ ដោយប្រើប្រាស់អេបរបស់អគ្គនាយកដ្ឋានពន្ធដារគឺ អេប GDT Tax Payer ដែល​អ្នក​ប្រើប្រាស់​អាចធ្វើការបង់ពន្ធអចលនទ្រព្យ និងពន្ធផ្លូវជាដើម ៕