ចិនបានជះទុនជិត ៥០ពាន់លានដុល្លារ ដើម្បីផលិតបន្ទះឈីប ទប់ទល់នឹងអាម៉េរិក។ការចាក់បញ្ចូលទុនដ៏ច្រើនសម្បើមបែបនេះ ក៏ជាវិធានការយុទ្ធសាស្រ្តថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិកដែលព្យាយាមរឹតបន្តឹងទៅលើលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើបរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ការចាក់បញ្ចូលមូលនិធិចុងក្រោយដើម្បីជំរុញផលិតកម្មបន្ទះឈីបរបស់ចិននេះ គឺជាដំណាក់កាលទី៣ហើយ និងបានចុះបញ្ជីជាផ្លូវការកាលពីចុងសប្តាហ៍មុន។ នេះគឺជាការវិនិយោគដ៏ច្រើនបំផុត បើធៀបនឹងពីរដំណាក់កាលកន្លងមក ក្នុងនោះដំណាក់កាលទីមួយបានចាប់ផ្ដើមនៅឆ្នាំ២០១៤ ជាមួយនឹងការវិនិយោគជាង ១៩ពាន់លានដុល្លារ ខណៈដំណាក់កាលទីពីរចាប់ផ្ដើមនៅឆ្នាំ២០១៩ ជាមួយនឹងការវិនិយោគជាង ២៨ពាន់លានដុល្លារ។
ក្រសួងហិរញ្ញវត្ថុជាអ្នកកាន់ភាគហ៊ុនច្រើនជាងគេរហូតដល់១៧% បន្ទាប់មកគឺក្រុមហ៊ុនបុត្រសម្ពន្ធរបស់ធនាគារអភិវឌ្ឍន៍ជាតិគ្រប់គ្រងដោយរដ្ឋមាន១០% ហើយបន្ទាប់មកទៀត គឺក្រុមហ៊ុន វិនិយោគក្រោមរដ្ឋាភិបាលក្រុងសៀងហៃកាន់កាប់ ៩% រួមជាមួយសហគ្រាសរដ្ឋផ្សេងទៀត។
យ៉ាងណាក៏ដោយ ចិនមិនបានបង្ហាញគោលដៅវិនិយោគជាក់លាក់ទេ ប៉ុន្តែគេបានរំពឹងថា អាចនឹងផ្ដោតសំខាន់លើឧបករណ៍បន្ទះឈីប និងផលិតផលទាក់ទងនឹងបញ្ញាសិប្បនិម្មិត ដើម្បីទប់ទល់នឹងការរឹតបន្តឹងរបស់អាម៉េរិកមិនឱ្យចិនទទួលបានបច្ចេកវិទ្យាទំនើបៗរួមទាំងផលិតផល AI ផងដែរ៕