(ប៉េកាំង)៖ ក្នុងសុន្ទរកថាមួយនាថ្ងៃព្រហស្បតិ៍នេះ ដែលបានគូសរំលេចផងដែរអំពីវិបត្តិសង្រ្គាមហ្កាហ្សា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ប្រទេសចិនចង់ធ្វើការជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីដោះស្រាយបញ្ហាក្តៅៗ ក្នុងរបៀបមួយដែលចូលរួមចំណែក ក្នុងការប្រកាន់ខ្ជាប់សមភាព យុត្តិធម៌ ហើយសម្រេចបានសន្តិភាព ក៏ដូចជាស្ថិរភាពយូរអង្វែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។
អំឡុងវេទិកាកិច្ចសហប្រតិបត្តិការចិន-អារ៉ាប់ ដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំង លោក ស៉ី បាននិយាយថា ចិនកំពុងខិតខំព្យាយាមពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តារដ្ឋអារ៉ាប់ ដើម្បីធ្វើជាគំរូមួយសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក។ នៅពេលនិយាយដល់សង្រ្គាមនៅតំបន់ហ្កាហ្សា លោកប្រធានាធិបតីចិន បានលើកឡើងថា សង្រ្គាមមិនអាចបន្តដោយគ្មានទីបញ្ចប់ឡើយ ហើយយុត្តិធម៌ពុំអាចអវត្តមានជាអចិន្រ្តៃយ៍នោះទេ ខណៈដំណោះស្រាយរដ្ឋពីរ គួរតែត្រូវបានប្រកាន់ខ្ជាប់ យ៉ាងរឹងមាំ។
លោក ស៉ី ជីនពីង បាននិយាយយ៉ាងដូច្នេះថា «នៅចំពោះមុខពិភពលោកដ៏វឹកវរមួយ ការគោរពគ្នាទៅវិញទៅមក គឺជាមធ្យោបាយ ដើម្បីអាចរស់នៅជាមួយគ្នា ដោយសុភមង្គល ហើយសមភាពនិងយុត្តិធម គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខយូរអង្វែង»។ ការថ្លែងសុន្ទកថារបស់លោក ស៉ី ធ្វើឡើងចំពោះមុខ ប្រមុខរដ្ឋមកពីប្រទេសបារ៉ែន អេហ្ស៉ីប អេមីរ៉ាតអារ៉ាប់រួម និងទុយនីស៉ី ព្រមទាំងក្រុមរដ្ឋមន្រ្តីការបរទេស មកពីប្រទេសដទៃទៀតនៃសម្ព័ន្ធអារ៉ាប់។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានដំណោះស្រាយរដ្ឋពីរ សម្រាប់វិបត្តិប៉ាឡេស្ទីន-អ៉ីស្រាអែល រួមជាមួយបទឈប់បាញ់ជាបន្ទាន់ ហើយនិងការផ្តល់សមាជិកភាពពេញលេញឱ្យប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ ខណៈជំហរទាំងអស់នេះ គឺស្របគ្នាទៅនឹងគោលជំហររបស់ ក្រុមប្រទេសអារ៉ាប់ដែរ។ សព្វថ្ងៃចិនកំពុងតែបង្ហាញឥទ្ធិពលការទូតរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា ដោយកាលពីខែមេសាកន្លងទៅ បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចពិភាក្សាដំបូងបំផុតនៅក្នុងប្រទេសចិន រវាងគូបដិបក្ខប៉ាឡេស្ទីន គឺក្រុមហាម៉ាស និងក្រុមហ្វាតា (Fatah)។ ចំណែក កាលពីឆ្នាំមុន ចិនក៏បានជួយសម្រុះសម្រួល រហូតសម្រេចបាន កិច្ចព្រមព្រៀងផ្សះផ្សាទំនាក់ទំនងជាប្រវត្តិសាស្រ្ត រវាងអ៉ីរ៉ង់និងអារ៉ាប៊ីសាអូឌីតផងដែរ ក្រោយប្រទេសទាំងពីរ ស្ថិតក្នុងអរិភាពនឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំ៕