Alynana Media Cambodia
Icon Collap
clinic narit

តើថៃអាចក្លាយជាសមាជិករបស់ប្លុកប្រទេស BRICS ដំបូងគេនៅអាស៊ានដែរឫទេ?

Media LNN | May 31, 2024
តើថៃអាចក្លាយជាសមាជិករបស់ប្លុកប្រទេស BRICS ដំបូងគេនៅអាស៊ានដែរឫទេ?
Clinic narith

ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង កំពុងកៀរគរប្រទេសជាច្រើនឱ្យចូលជាសមាជិករបស់ខ្លួន និងបង្កើនយុទ្ធនាការធ្វើបដិដុល្លារនីយកម្ម ឬឈប់ប្រើប្រាក់ដុល្លារ សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ចាប់តាំងពីលោកខាងលិច ដែលមានសហរដ្ឋអាម៉េរិក ជាបងធំ បានដាក់ទណ្ឌកម្មលើរុស្ស៊ី ជាបន្តបន្ទាប់ ក្រោយរុស្ស៊ី បញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។

នេះសរបង្ហាញឱ្យឃើញថា ប្លុកប្រទេស BRICS ជាគូប្រជែងជើងខ្លាំងប្រកបដោយភាពគ្រោះថ្នាក់របស់អាម៉េរិក។ ​នេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលប្រទេសថៃ ដែលជាកូនជឹងយូរមកហើយរបស់សហរដ្ឋអាម៉េរិក បែរជាមាន​បំណ​ង​​ក្លាយ​ជា​សមាជិក​នៃប្លុកប្រទេស BRICS ​ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ទៅវិញ។

​​រដ្ឋាភិបាលថៃ បានប្រកាសកាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា ថា ប្រទេសដែលជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះ នឹងដាក់ពាក្យនៅក្នុងខែនេះ ដើម្បីសុំចូលជាសមាជិកនៃប្លុកប្រទេស BRICS ដែលនឹងធ្វើឱ្យថៃ ក្លាយជាសមាជិកនៃប្លុកប្រទេស BRICS ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ រដ្ឋាភិបាលថៃ បានបញ្ចប់ការធ្វើផែនការសម្រាប់ការដាក់ពាក្យស្នើសុំចូលជាសមាជិកនៃ​ប្លុកប្រទេស BRICS។ ប្រសិនបើផែនការនេះត្រូវបានអនុម័ត ថៃនឹងក្លាយជាសមាជិកនៃប្លុកប្រទេស BRICS ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការចូលជាសមាជិកនៃប្លុកប្រទេស BRICS នឹងជួយពង្រឹងតួនាទីរបស់ថៃ ក្នុងនាមជាប្រទេសឈានមុខគេក្នុងចំណោមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

មជ្ឈដ្ឋានខ្លះ​មើលឃើញថា ប្លុកប្រទេស BRICS គឺជាក្របខណ្ឌប្រកួតប្រជែងនឹងប្លុកសេដ្ឋកិច្ចអភិវឌ្ឍន៍ដូចជាសហរដ្ឋអាម៉េរិក និងអឺរ៉ុបជាដើម។ ហើយក្នុងនោះ​មហាយក្សចិន និងរុស្ស៊ី ដែលសុទ្ធតែជាសមាជិកស្ថាបនិក​​​នៃប្លុកប្រទេស BRCIS កំពុងឈានមុខគេនៅក្នុងការធ្វើយុទ្ធនាការពង្រីក​ប្លុក​នេះ ហើយជាលទ្ធផលប្រទេសអេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ អេត្យូពី និងអេហ្ស៊ីប បានចូលជាសមាជិកនៃប្លុកនេះកាលពីខែមករា ដើមឆ្នាំ២០២៤ នេះ៕​