អ្នកតាមដានការអនុវត្តយន្តការហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលចិន បានដាក់ចេញជាបន្តបន្ទាប់ដើម្បីស្តារវិស័យអចលនទ្រព្យ ដូចជាយន្តការហិរញ្ញវត្ថុថ្នាក់តំបន់ជាដើម ហាក់មិនទាន់ឆ្លើយតបនឹងតម្រូវការដោះស្រាយបញ្ហាបាននៅឡើយទេ។ ជាក់ស្តែងគ្រាន់តែនៅក្នុងទីក្រុងគុនមីងមួយ មានព័ត៌មានលេចធ្លាយថា កំពុងតែមានបញ្ហាពាក់ព័ន្ធនឹងការបង្វិលសងសាច់ប្រាក់ទៅមូលនិធិនេះខ្លះៗហើយនៅពេលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
រដ្ឋាភិបាលនៅតាមតំបន់មួយចំនួនក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងបញ្ហាសងត្រឡប់មកវិញនូវកញ្ចប់ឥណទានពីថ្នាក់កណ្តាលទម្លាក់ទៅតំបន់ទាំងនោះ តាមយន្តការដែលគេហៅថា យានជំរុញហិរញ្ញវត្ថុរដ្ឋាភិបាលតំបន់។ គ្រាន់តែសម្រាប់ទីក្រុងគុនមីងមួយ ដែលជាមជ្ឈមណ្ឌលកណ្តាលនៃខេត្តយូណាន ប្រទេសចិន គឺកំពុងជួបបញ្ហាមិនអាចសងត្រឡប់ ដែលមានតម្លៃជិត៣៦លានដុល្លារដែលខ្លួនបានខ្ចីពីធនាគារកណ្តាលតាមយន្តការ យានជំរុញហិរញ្ញវត្ថុរដ្ឋាភិបាលតំបន់ នៅពេលនេះ។
យន្តការយានជំរុញហិរញ្ញវត្ថុរដ្ឋាភិបាលតំបន់នេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ដើម្បីឆ្លើយតបនឹងបញ្ហាវិបត្តិនៃអចលនទ្រព្យ ដែលបានផ្ទុះឡើងតាំងពីដើមដំបូងនៃបញ្ហា។ គិតត្រឹមចុងឆ្នាំ២០២៣ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ប្រមាណថា កញ្ចប់មូលនិធិ “យានជំរុញហិរញ្ញវត្ថុរដ្ឋាភិបាលតំបន់” មានតម្លៃសរុបរហូតដល់ទៅជាង៨,៣ទ្រីលានដុល្លារ ហើយនៅពេលនេះមានរដ្ឋាភិបាលតំបន់ជាច្រើនកំពុងមានបញ្ហាលើការសងត្រឡប់ ដើម្បីបំពេញមូលនិធិនៅក្នុងកញ្ចប់នេះឡើងវិញ។
“យានជំរុញហិរញ្ញវត្ថុរដ្ឋាភិបាលតំបន់” មិនមែនជាកញ្ចប់មូលនិធិតែមួយដែលចិនបានដាក់ចេញនោះទេ ហើយជាមួយនឹងការខិតខំនេះ IMF ក៏បានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីឆ្លើយតបនឹងបញ្ហា ដែលកំពុងកើតមានក្នុងវិស័យអចលនទ្រព្យ។
យ៉ាងណាមិញ IMF បានព្យាករថា ប្រទេសចិននឹងទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរនៅក្នុងឆ្នាំ២០២៤ នេះ តែទាមទារឱ្យរដ្ឋាភិបាលចិន ដាក់ចេញគោលនយោបាយជួយសម្របសម្រួលបន្ថែមទៀត ដើម្បីគាំទ្រដល់ទីផ្សារលំនៅដ្ឋានដែលកំពុងជួបការលំបាក។ IMF បានអះអាងថា ចិននឹងទទួលកំណើនសេដ្ឋកិច្ចប្រមាណ៥% សម្រាប់ឆ្នាំ២០២៤ ពោលគឺប្រសើរជាងការព្យាករកាលពីខែមេសា ប្រមាណជា០,៤% ហើយអាចធ្លាក់ចុះបន្តិចមកនៅត្រឹម ៤,៥% នៅក្នុងឆ្នាំ២០២៥៕