Alynana Media Cambodia
Icon Collap
clinic narit

ធនាគារកណ្ដាលវៀតណាមលក់ចេញមាស និងប្រាក់ដុល្លារអាមេរិកជិត៤ពាន់លានដុល្លារអាមេរិកក្នុងរយះពេល១ខែមកនេះ

Media LNN | May 31, 2024
ធនាគារកណ្ដាលវៀតណាមលក់ចេញមាស និងប្រាក់ដុល្លារអាមេរិកជិត៤ពាន់លានដុល្លារអាមេរិកក្នុងរយះពេល១ខែមកនេះ
Clinic narith

តើកត្តាអ្វីជំរុញឱ្យធនាគារកណ្ដាលវៀតណាម ដកប្រាក់ចេញពីទីផ្សាររហូតដល់ទៅជិត៤ពាន់លានដុល្លារអាម៉េរិក? ធនាគារកណ្ដាលវៀតណាម បានដកប្រាក់រហូតដល់ទៅជិត៤ពាន់លានដុល្លារអាម៉េរិក ចេញពីទីផ្សារតាមរយៈការលក់ចេញមាស និងប្រាក់ដុល្លារអាម៉េរិក ដើម្បីរក្សាស្ថិរភាពតម្លៃមាស និងគ្រប់គ្រងទីផ្សាររូបិយប័ណ្ណបរទេសក្នុងរយៈពេល១ខែមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។

យោងតាមទិន្នន័យរបស់ធនាគារកណ្ដាលវៀតណាម បានបង្ហាញថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ខ្លួនបានលក់ចេញមាសសរុបចំនួន៤៨.៥០០តម្លឹង ដោយក្នុង១តម្លឹង​លក់បានថ្លៃចន្លោះពី៣,១៩៥ដុល្លារអាម៉េរិក ទៅ៣,៥១០ដុល្លារអាម៉េរិក។ នេះមានន័យថា ទឹកប្រាក់ប៉ាន់ស្មានដែលធនាគារកណ្ដាលវៀតណាម ទទួលបានពីការលក់មាស គឺមានចំនួន១៦៥លានដុល្លារអាម៉េរិក។

ក្រៅពីការលក់មាស ធនាគារកណ្ដាលវៀតណាម ក៏បានលក់ចេញប្រាក់ដុល្លារអាម៉េរិក ផងដែរ ដើម្បីរក្សាស្ថិរភាពទីផ្សាររូបិយប័ណ្ណបរទេសនៅ១ខែមកនេះ។ តាមការប៉ាន់ប្រមាណ គិតចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី២៤ ខែឧសភា ប្រាក់ដុល្លារ ដែលធនាគារកណ្ដាលវៀតណាម បានលក់ចេញឱ្យទៅបណ្ដាធនាគារពាណិជ្ជមានចំនួនលើសពី៣,៥ពាន់លានដុល្លារអាម៉េរិក ដោយក្នុង១ដុល្លារលក់ចេញបាន២៥.៤៥០ដុង។

ចំណាត់ការរបស់ធនាគារកណ្ដាលវៀតណាមនេះ ត្រូវបានធ្វើឡើងដើម្បីរក្សាស្ថិរភាពទីផ្សារមាស និងរូបិយប័ណ្ណបរទេស បន្ទាប់ពីតម្លៃមាស និងប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងថ្លៃយ៉ាងខ្លាំងនៅក្នុងរយៈពេលមួយខែកន្លងមកនេះ។

ប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងថ្លៃលើស២៥.០០០ដុងក្នុង១ដុល្លារ ខណៈដែលមាសបានហក់ឡើងថ្លៃដល់ទៅ៣,៥៣៥ដុល្លារអាម៉េរិក ក្នុង១តម្លឹង។ ការលក់ចេញមាស និងប្រាក់ដុល្លារអាម៉េរិក ពីសំណាក់ធនាគារកណ្ដាលវៀតណាមនេះ បានកាត់បន្ថយដោយផ្ទាល់នូវការផ្គត់ផ្គង់ប្រាក់ដុងទៅកាន់ទីផ្សារ និងបានធ្វើឱ្យទុនបម្រុងអន្តរជាតិរបស់ប្រទេសនេះធ្លាក់ចុះ៕