Alynana Media Cambodia
Icon Collap
clinic narit

ចិនច្រានចោល ការចោទប្រកាន់របស់លោក ហ្សេលេនស្គី ដែលថាខ្លួនដាក់សម្ពាធលើប្រទេសដទៃ មិនឱ្យចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន

Media LNN | Jun 03, 2024
ចិនច្រានចោល ការចោទប្រកាន់របស់លោក ហ្សេលេនស្គី ដែលថាខ្លួនដាក់សម្ពាធលើប្រទេសដទៃ មិនឱ្យចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន
Clinic narith

 

(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានចេញមុខបដិសេធចំពោះ ការចោទប្រកាន់ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលថា ខ្លួនកំពុងព្យាយាមរារាំងមិនឱ្យប្រទេសដទៃ ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពមួយស្តីពីសង្រ្គាមអ៊ុយក្រែន ដែលគ្រោងនឹងរៀបចំឡើង នៅប្រទេសស្វីស ក្នុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងការបរទេសចិន នាថ្ងៃចន្ទនេះ បាននិយាយថា គោលជំហររបស់ចិន មានលក្ខណៈបើកចំហនិងមានតម្លាភាព ហើយពុំមានសកម្មភាព​ណាមួយទាល់តែសោះ ដែលបង្ហាញថា ចិនព្យាយាមដាក់សម្ពាធលើប្រទេសដទៃ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងដូច្នេះថា «ពាក់ព័ន្ធកិច្ចពិភាក្សាសន្តិភាព គោលជំហររបស់ចិន គឺមានលក្ខណៈស្មើភាពនិងយុត្តិធម៌។ គោលជំហរយើង មិនមានគោលដៅលើប្រទេសទី៣ ណាមួយឡើយ ហើយប្រាកដណាស់ គឺគ្មានគោលដៅលើ ការធ្វើជាម្ចាស់ផ្ទះរៀបចំនៃប្រទេសស្វីស សម្រាប់កិច្ចប្រជុំកំពូលសន្តិភាពនេះឡើយ»។

គួរបញ្ជាក់ថា ក្នុងវេទិកាសន្តិសុខមួយនៅប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា លោក ហ្សេលេនស្គី បានអះអាងថា ទីក្រុងប៉េកាំង​កំពុងខិតខំយ៉ាងខ្លាំង ដើម្បីរារាំងកុំឱ្យប្រទេសដទៃ ចូលរួមកិច្ចប្រជុំសន្តិភាព ដែលគ្រោងធ្វើឡើងនៅប្រទេសស្វីស អំឡុងពាក់កណ្តាលខែមិថុនានេះ។ ទីក្រុងកៀវមានក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលនោះ នឹងជួយអ៊ុយក្រែនទទួលបានការគាំទ្រទូលំទូលាយពីអន្តរជាតិ សម្រាប់ចក្ខុវិស័យរបស់ខ្លួន នៃលក្ខខណ្ឌដែលចាំបាច់ ដើម្បីបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ ការចោទប្រកាន់របស់លោក ហ្សេលេនស្គី កើតមានឡើង បន្ទាប់ពីចិនបានរិះគន់កាលពីសប្តាហ៍មុន ចំពោះកិច្ចប្រជុំសន្តិភាពនោះ ដោយនិយាយថា វានឹងពិបាកឱ្យខ្លួនចូលទៅចូលរួម ប្រសិនបើគ្មានវត្តមានរុស្ស៉ីចូលរួមទេនោះ៕