Alynana Media Cambodia
Icon Collap
clinic narit

ថៃនឹងចាប់ផ្ដើមត្រួតពិនិត្យលើអ្នកលក់ដូរចល័តតាមចិញ្ចឹមផ្លូវ និងតម្រូវឲ្យរកទីតាំងជួលសម្រាប់អាជីវកម្ម

Media LNN | Jun 05, 2024
ថៃនឹងចាប់ផ្ដើមត្រួតពិនិត្យលើអ្នកលក់ដូរចល័តតាមចិញ្ចឹមផ្លូវ និងតម្រូវឲ្យរកទីតាំងជួលសម្រាប់អាជីវកម្ម
Clinic narith

អាជ្ញាធរនៃទីក្រុងបាងកក ប្រទេសថៃនឹងពិនិត្យមើលពីប្រាក់ចំណូលរបស់អាជីវករលក់ដូរតាមដងផ្លូវនៅក្នុងរាជធានីនេះ ដោយតម្រូវឱ្យអ្នកដែលមានប្រាក់ចំណូលលើសពី ២ ម៉ឺន ៥ពាន់បាត ឬប្រហែល៦៨០ដុល្លារអាម៉េរិក ក្នុងមួយខែឡើងទៅ ត្រូវតែជួលទីតាំងលក់ដូរឱ្យបានសមរម្យ លែងអនុញ្ញាតឲ្យលក់តាមចិញ្ចឹមផ្លូវតទៅទៀតហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។

អភិបាលរាជធានីបាងកក លោក ឆាដឆាត ស៊ីទីពុន (Chadchart Sittipunt) បានប្រកាសកាលពីសប្តាហ៍មុនថា អ្នកលក់តាមដងផ្លូវ ដែលរកចំណូលបានតិចជាង ៦៨០ដុល្លារក្នុងមួយខែ អាចបន្តលក់ទំនិញនៅលើចិញ្ចើមផ្លូវ និងទីសាធារណៈជាបន្តទៀតបាន ប៉ុន្តែបើមានប្រាក់ចំណូលលើសពីនេះ គឺមិនអនុញ្ញាតឱ្យលក់នៅលើចិញ្ចើមផ្លូវទៀតឡើយ ខណៈដែលអាជ្ញាធរកំពុងខិតខំកែលម្អសោភណភាពទីក្រុង និងរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវឡើងវិញ។

អ្នលក់ដូរតាមដងផ្លូវ ដែលនឹងតម្រូវឲ្យជួលទីតាំងសមរម្យនោះ គឺអាចរកជួលទីតាំងដែលកំណត់ដោយអាជ្ញាធរ ជាមួយនឹងការផ្ដល់ជូនតម្លៃជួលទាប ហើយវិធានការនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តក្នុងពេលឆាប់​ៗ​​នេះ។

បើតាមការិយាល័យព័ត៌មានជាតិរបស់ថៃ បានឱ្យដឹងថា តាមបទប្បញ្ញត្តិនេះ គឺអ្នកលក់ទាំងអស់ត្រូវចុះឈ្មោះក្នុងប្រព័ន្ធចំណូលជាតិ និងពន្ធដារ ដើម្បីបន្តសកម្មភាពអាជីវកម្មរបស់ពួកគេ ហើយអាជ្ញាធរក៏ងាយស្រួលក្នុងការតាមដានពីប្រាក់ចំណូលរបស់ក្រុមអាជីវករផងដែរ។ ជាមួយគ្នានេះ អ្នកលក់ដូរតាមចិញ្ចើមផ្លូវទាំងនោះ ក៏ត្រូវប្រកាន់ខ្ចាប់នូវការថែទាំបរិស្ថាន និងអនាម័យនៅកន្លែងលក់របស់ពួកគេ បើមិនដូច្នេះទេ អាចនឹងត្រូវប្រឈមនឹងការហាមឃាត់លែងឲ្យលក់តទៅទៀត។

អាជ្ញាធរក្រុងបាងកក បានប៉ាន់ប្រមាណថា មានអ្នកលក់តាមចិញ្ចើមផ្លូវចំនួន ២ ម៉ឺននាក់ កាលពីឆ្នាំមុន ហើយមកទល់ពេលនេះ ទីក្រុងនេះបានបង្កើតមជ្ឈមណ្ឌលចំនួន ១២៥ កន្លែង សម្រាប់អ្នកលក់ដូរចំនួន ១ ម៉ឺននាក់ផងដែរ៕