Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រប់គ្នាមិនចង់បានសេវាសាធារណៈ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ឬការចរចានោះទេ

Media LNN | Jun 10, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រប់គ្នាមិនចង់បានសេវាសាធារណៈ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ឬការចរចានោះទេ
Clinic narith

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានថ្លែងថារំលឹកដល់មន្ត្រីបម្រើសេវាសធារណៈ ជូនប្រជាពលរដ្ឋថា «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ» ហើយការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាបម្រើខ្លួនឯងផងដែរ។

នៅចំពោះមុខសិស្សមន្ត្រី របស់សាលាភូមិន្ទរដ្ឋបាលប្រមាណជាង ១ពាន់នាក់ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគ្រប់គ្នា ពិតជាមិនចង់បានសេវាសាធារណៈ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ឬការចរចានោះទេ គឺចង់សេវាសាធារណៈដែលមានលំនឹង មានស្ថិរភាព អាចទុកចិត្តបាន។

សម្តេចបានថ្លែងថា មន្ត្រីក៏ជាប្រជារាស្ត្រដែលរស់ ក្នុងសហគមន៍ផងដែរ ហើយក្រុមគ្រួសាររបស់មន្ត្រីរាជការទាំងនោះក៏ជាប្រជារាស្ត្រដែរ ដូច្នេះបម្រើប្រជារាស្ត្រដូចគ្នា នឹងការបម្រើខ្លួនឯង និងក្រុមគ្រួសារខ្លួនឯងដែរ។

ការលើកឡើងរបស់សម្តេចធិបតី ដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ខ្ញុំគិតថាបងប្អូនទាំងអស់ ពិតជាមិនចង់ឈឺក្បាលក្នុងការចរចា ឬក៏រស់ក្នុងបរិស្ថានមិនប្រាកដប្រជា ពីទទួលសេវាសាធារណទេ មែនទេ? ហេតុដូច្នេះអ្នកណាជាអ្នកផ្តល់សេវាសាធារណៈ ដែលមានលំនឹង មានស្ថិរភាពអាចទុកចិត្តបាន ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទៅរួមទាំងខ្លួនយើង និងគ្រួសារយើងផង [...] យើងទាំងអស់គ្នា ដែលអភិក្រមយើងជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយប្រជារាស្ត្រទេ ហើយការបម្រើប្រជារាស្ត្រ គឺបម្រើខ្លួនយើង ព្រោះយើងម្នាក់ក៏ជាប្រជារាស្ត្រមួយរូបដែរ»។

សម្តេចបន្តថា «យើងត្រូវរួមគ្នាកសាងបរិស្ថានមួយ ដែលកាន់តែមានប្រសិទ្ធភាព បរិស្ថានដែលមានលំនឹងភាពច្បាស់លាស់ ក្នុងការទទួលសេវាសាធារណៈ ពីរដ្ឋបាលបច្ចុប្បន្ន និងទៅអនាគត ដើម្បីឱ្យភាពងាយស្រួល គឺជាកាតព្វកិច្ចរបស់មន្ត្រីគ្រប់រូបចូលរួមធ្វើ»។

សម្តេចក៏បានណែនាំដល់ មន្ត្រីបម្រើសេវាសាធារណៈ ត្រូវដាក់ចិត្ត ដាក់កាយរួមគ្នា កែលម្អបរិស្ថានបម្រើសេវាដល់ប្រជាពលរដ្ឋ ឱ្យក្លាយជាបរិស្ថានដែលល្អឥតខ្ជោះជាប់ជាប្រចាំ និងបង្កើតនូវសមិទ្ធផលវិជ្ជមានជូនសង្គមជាតិ និងរួមគ្នាកាត់បន្ថយភាពអវិជ្ជមាន ដើម្បីសម្រេចបានគោលដៅ ផ្តល់សេវាសាធារណៈប្រកបដោយភាពកក់ក្តៅ ជូនប្រជាជន៕