មហាយក្សចិន នៅពេលនេះទោះបីជាបន្តឈរជើងជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកក្តី ប៉ុន្តែក្រោមសម្ពាធសេដ្ឋកិច្ច ដែលបណ្តាលមកពីបញ្ហាសង្រ្គាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក និងសម្ពាធពន្ធពីសំណាក់សហភាពអឺរ៉ុបលើរថយន្តអគ្គីសនី ចង់ ឬមិនចង់វានឹងធ្វើឱ្យសេដ្ឋកិច្ចចិនរងរបួស។ តើវិនិយោគិនអាល្លឺម៉ង់មួយរូបសម្អាងលើអ្វីបានជាហ៊ានអះអាងថា សេដ្ឋកិច្ចរបស់មហាយក្សចិននៅពេលនេះមានស្ថិរភាព?
លោក ដេនីស ដឹពូក (Denis Depoux ) នាយកគ្រប់គ្រងសកលនៃក្រុមហ៊ុនប្រឹក្សាអាល្លឺម៉ង់ Roland Berger បាននិយាយថា ជំនួសឱ្យការធ្លាក់ចុះ សេដ្ឋកិច្ចរបស់មហាយក្សចិន នៅពេលនេះកំពុងស្ថិតក្នុងដំណាក់កាលមានស្ថិរភាព ស្របពេលដែលកំណើននឹងត្រូវបានទ្រទ្រង់ដោយពាណិជ្ជកម្មជាមួយនឹងចរន្តសេដ្ឋកិច្ចសាកលភាគខាងត្បូង (Global South)។
លោកបាននិយាយថា អត្រាកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងរង្វង់៥% គឺវាមានភាពល្អប្រសើរជាងកំណើនសេដ្ឋកិច្ចរបស់ប្រទេសហូឡង់ និងអាល្លឺម៉ង់ ហើយលោកមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចរបស់ចិននឹងនៅតែមានភាពរឹងមាំ និងល្អប្រសើរ។ អ្នកជំនាញរូបនេះអះអាងថា សេដ្ឋកិច្ចចិន កំពុងស្ថិតនៅលើផ្លូវរក្សាកំណើនប្រកបដោយស្ថិរភាព ដោយសារពាណិជ្ជកម្ម និងការវិនិយោគដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងចរន្តសេដ្ឋកិច្ច។
បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ សេដ្ឋកិច្ចចិនមិនសូវពឹងផ្អែកលើការនាំចេញផលិតផលទៅកាន់អឺរ៉ុប ឬទៅសហរដ្ឋអាម៉េរិក ឬទៅកាន់ប្រទេសជប៉ុនឡើយនៅពេលនេះ ប៉ុន្តែចាប់ផ្តើមពង្រីកទៅកាន់តំបន់អាស៊ីផ្សេងទៀតដូចជានៅមជ្ឈិមបូព៌ា អាហ្វ្រិក អាម៉េរិកខាងត្បូង និងរុស្ស៊ីជាដើម។
លោកបានបន្ថែមថា លំហូរវិនិយោគពីប្រទេសចិនទៅអាស៊ីអាគ្នេយ៍កំពុងតែកើនឡើងយ៉ាងគំហុក បន្ថែមលើការនាំចេញផលិតផលសម្រេចដែលខ្លួនផលិតបាន ហើយមិនតែប៉ុណ្ណោះប្រទេសចិនក៏កំពុងក្លាយជាប្រភពនៃការច្នៃប្រឌិតបច្ចេកវិទ្យាផងដែរ។
លោកបានសង្កត់ធ្ងន់ថា កាលពី៤០ឆ្នាំមុន ប្រភពនៃការច្នៃប្រឌិតក្នុងឧស្សាហកម្មរថយន្តគឺនៅសហរដ្ឋអាម៉េរិក និងនៅក្នុងប្រទេសជប៉ុន” ប៉ុន្តែឥឡូវនេះវាស្ថិតនៅក្នុងប្រទេសចិន។ ម្យ៉ាងវិញទៀត ប្រហែលជាពី២០ ឬ៣០ឆ្នាំមុន ប្រភពនៃការច្នៃប្រឌិតឧបករណ៍ម៉ាស៊ីន គឺស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ និងអឺរ៉ុបខាងជើង ប៉ុន្តែឥឡូវនេះវាស្ថិតនៅក្នុងប្រទេសជប៉ុន និងប្រទេសចិន។
ដោយឡែកទាក់ទងនឹងសង្រ្គាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក លោកយល់ថា ទោះបីជាលទ្ធផលបោះឆ្នោតនៅខែវិច្ឆិកា យ៉ាងណាក៏ដោយ ក៏លោកមានជំនឿថា ក្រុមហ៊ុនចិនភាគច្រើនមិនចាកចេញពីទីផ្សារឡើយ៕