Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តម សាយ សំអាល់ អំពាវនាវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា

Media LNN | Jun 22, 2024
ឯកឧត្តម សាយ សំអាល់ អំពាវនាវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា
Clinic narith

 

(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ បានអំពាវនាវទៅដល់គ្រប់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើន ។

ក្នុងកិច្ចប្រជុំជាមួយសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យដីធ្លី រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងដែនដីជាសេនាធិការ កំពុងពន្លឿនការវាស់វែងចុះបញ្ជី ដីធ្លីជាប្រព័ន្ធនៅទូទាំងប្រទេស និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងឲ្យចប់ នៅត្រឹមអាណត្តិទី៧ នេះ ។

ឯកឧត្តម បានបន្តថា បន្ទាប់ពីនោះមក នឹងមានការរៀបចំប្លង់គោល ដើម្បីអភិវឌ្ឍន៍​ទីក្រុង ឲ្យកាន់តែរីកចម្រើន ​មានភាពទាក់ទាញ ស្មាតស៊ីធី (Smart City) និងមានភាពបៃតងជាដើម ជាមួយនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបន្តអភិវឌ្ឍន៍​កម្ពុជា ឲ្យក្លាយជារដ្ឋទំនើប ប្រកបដោយភាពរឹងមាំ ឆ្លាតវៃ រស់រវើក និងច្នៃប្រឌិត ដោយមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយទាំង៦ និងវិធានគន្លឹះទាំង៥ ជាផែនទីឯកភាពនៃចក្ខុវិស័យដ៏វែងឆ្ងាយ ​ដើម្បីកម្ពុជាមានភាពម្ចាស់ការ រក្សាបានឯករាជ្យក្នុងនាមរដ្ឋអធិបតេយ្យ និងដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់វឌ្ឍនភាព និងវិបុលភាព ។

ទន្ទឹមនឹងចក្ខុវិស័យទាំងនេះ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុ និង​ភ្នាក់ងារហិរញ្ញវត្ថុទាំងអស់ ជាដៃគូរយុទ្ធសាស្រ្តដ៏សំខាន់មួយ ក្នុងការទ្រទ្រង់ឧស្សាហកម្មហិរញ្ញវត្ថុ និងកៀងគរចំណូល និងសារពើពន្ធមិនមែនធនាគារ ឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្ម​គ្រឿង​ផ្គុំសំណង់ ព្រមទាំងបង្កើតនូវវប្បធម៌ នៃការផ្តល់កម្ចីដោយមានវត្ថុធានា ដែលបានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការកសាង និងទ្រទ្រង់ខឿនសេដ្ឋកិច្ចកម្ពុជា និងចូលរួម អភិវឌ្ឍភូមិឋាននៅកម្ពុជា ឲ្យមានភាពក្សេមក្សាន្ត ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជំរុញសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ អាចលើកសំណូមពរនានា ដែលពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដើម្បីឲ្យមន្ត្រីជំនាញរបស់ក្រសួងជួយដោះស្រាយ ៕