Alynana Media Cambodia
Icon Collap
clinic narit

កូរ៉េខាងជើង បានបញ្ជូនបាឡុងសំរាមជាច្រើនបន្ថែមទៀត ចូលទៅកូរ៉េខាងត្បូង

Media LNN | Jun 25, 2024
កូរ៉េខាងជើង បានបញ្ជូនបាឡុងសំរាមជាច្រើនបន្ថែមទៀត ចូលទៅកូរ៉េខាងត្បូង
Clinic narith

យោធារបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (២៤ មិថុនា) ថា កូរ៉េខាងជើង កំពុងបញ្ជូនបាឡុងបន្ថែមទៀតដែលទំនងជាកំពុងដឹកសំរាមចូលទៅក្នុងកូរ៉េខាងត្បូង។ អាជ្ញាធរក្រុងសេអ៊ូល បានចេញសេចក្តីជូនដំណឹងដល់ប្រជាជននៅល្ងាចថ្ងៃចន្ទ ដោយនិយាយថា «បាឡុងសំរាមពីកូរ៉េខាងជើង ត្រូវបានបញ្ជាក់ថាបានចូលទៅក្នុងដែនអាកាសរបស់ទីក្រុងសេអ៊ូល»។

ទីក្រុងព្យុងយ៉ាង បានបញ្ជូនបាឡុងសំរាមជាងមួយពាន់គ្រឿងរួចមកហើយចូលទៅកូរ៉េខាងត្បូង ក្នុងអ្វីដែលខ្លួនហៅថាការសងសឹកចំពោះបាឡុងដឹកការឃោសនាប្រឆាំងរបប បានអណ្តែតចូលទៅក្នុងកូរ៉េខាងជើងដោយសកម្មជនកូរ៉េខាងត្បូងតាមព្រំដែន។

សកម្មជនម្នាក់ ដែលបានភៀសខ្លួនចេញពីកូរ៉េខាងជើង ហើយបានបញ្ជូនខិត្តប័ណ្ណប្រឆាំងរបបក្រុងព្យុងយ៉ាងអស់រយៈពេលជាច្រើនឆ្នាំ បាននិយាយថា ខ្លួនបានបង្ហោះបាឡុងចំនួន ២០ គ្រឿងដែលផ្ទុកទៅដោយកម្មវិធីឃោសនា ក៏ដូចជា អង្គចងចាំ (flash drives) ផ្ទុកតន្រ្តី ខេ-ផប់ (K-pop) និងរឿងភាគទូរទស្សន៍ឆ្លងកាត់ព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

កូរ៉េខាងជើង មានភាពរសើបខ្លាំងចំពោះប្រជាជនរបស់ខ្លួនដែលស្គាល់វប្បធម៌តន្រ្តីប៉ុបរបស់កូរ៉េខាងត្បូង ជាមួយនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលនិយាយថា ការកាន់កាប់ខ្លឹមសារបែបនេះភាគច្រើនត្រូវបានគេដឹងថានាំឱ្យមានការកាត់ទោសប្រហារជីវិត។ តាមផ្លូវច្បាប់ កូរ៉េខាងត្បូងមិនអាចដាក់ទណ្ឌកម្មសកម្មជនដែលបញ្ជូនបាឡុងឆ្លងព្រំដែនបានទេ ដោយសារសេចក្តីសម្រេចរបស់តុលាការឆ្នាំ២០២៣ ដែលហាមប្រាមថាជាការរំលោភលើសេរីភាពបញ្ចេញមតិដែលមិនសមហេតុផល៕