Alynana Media Cambodia
Icon Collap
clinic narit

ថៃ ដាក់គោលដៅទាញចំណូលពីផលិតកម្មភាពយន្តបរទេសឱ្យបានជាង២០០លានដុល្លារនៅឆ្នាំនេះ

Media LNN | Jun 26, 2024
ថៃ ដាក់គោលដៅទាញចំណូលពីផលិតកម្មភាពយន្តបរទេសឱ្យបានជាង២០០លានដុល្លារនៅឆ្នាំនេះ
Clinic narith

ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ ដាក់គោលដៅទាញចំណូលឱ្យបានជាង២០០លានដុល្លារពីផលិតកម្មភាពយន្តបរទេសនៅឆ្នាំនេះ ដែលមានការកើនឡើង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam News។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក សឺមសាក់ ពុងផានិច (Sermsak Pongpanich) កាលពីថ្ងៃទី២៣ ខែមិថុនា បាននិយាយថា ក្រសួងមានទំនុកចិត្តថា នឹងអាចរកចំណូល​បាន​​ជាង២០០លានដុល្លារពីផលិតកម្មភាពយន្តបរទេស ជាពិសេសការថតរឿង White Lotus Season 3 ដែលកំពុងថតនៅទីក្រុងបាងកក កោះភូកេត និងកោះសាមុយ។

លោក សឺមសាក់ បានអះអាងថា រដ្ឋាភិបាលថៃ ជឿជាក់ថា ផលិតកម្មភាពយន្តបរទេសមិនត្រឹមតែអាចបង្កើតប្រាក់ចំណូល និងការងារ និងជំរុញសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជួយទាក់ទាញភ្ញៀវទេសចរ ដែលចង់ទស្សនាកន្លែងថតភាពយន្តនេះផងដែរ។

បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ នៅក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ភាពយន្តបរទេសចំនួន២១៤ ត្រូវបានថតនៅក្នុងប្រទេសថៃ ដែលបង្កើតចំណូលបានរហូតដល់ជាង៩៦លានដុល្លារ និងបង្កើតការងារសម្រាប់ប្រជាជនថៃ បានជិត១ម៉ឺន៤ពាន់នាក់។

ក្នុងឆ្នាំ២០២២ ប្រទេសនេះរកចំណូលបានប្រហែល១៧២លានដុល្លារ ពីផលិតកម្មភាពយន្តចំនួន៣៤៨ ហើយនៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណូលពីវិស័យមួយនេះបានកើនឡើងប្រហែលជាង៥% ឡើងដល់ជាង១៨៤លានដុល្លារ ខណៈដែលថៃបានស្វាគមន៍ផលិតកម្មភាពយន្តចំនួន៤៦៦ មកពី៤០ប្រទេស៕