មន្រ្តីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្តឱ្យកូនបំណុលទៅពិភាក្សាជាមួយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយភាពពិត និងស្មោះត្រង់ក្នុងករណីខ្លួនអស់លទ្ធភាពសងបំណុល ដើម្បីឱ្យគ្រឹះស្ថានអាចផ្តល់ដំណោះស្រាយ ហើយហាមដាច់ខាតកុំទៅខ្ចីបំណុល ឯកជនក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីយកប្រាក់មកសងបំណុលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដ្បិតថា ការខ្ចីបំណុលឯកជនក្រៅផ្លូវការមិនត្រឹមតែអាចធ្វើឱ្យវណ្ឌកជាមួយបំណុលនោះទេ ថែមទាំង អាច ប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិផងដែរ។
តើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានសិទ្ធរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលដែរ ឬទេ ក្នុងករណីកូនបំណុលអស់លទ្ធភាពសងត្រឡប់?
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលើកទឹកចិត្តដល់កូនបំណុល ដែលអស់លទ្ធភាពសងត្រឡប់ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវទៅពិភាក្សាដោយផ្ទាល់ និងដោយភាពស្មោះត្រង់ ដើម្បីឱ្យរកដំណោះស្រាយជូន។ តួយ៉ាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចផ្តល់ជាជម្រើសក្នុងការឱ្យមានរៀបចំឥណទានឡើងវិញជាដើម។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ ប្រាប់ឱ្យកូនបំណុលជៀសវាងដាច់ខាត មិនត្រូវទៅខ្ចីបំណុលឯកជនក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់យកមកសងបំណុលនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដ្បិតថា នេះមិនមែនជាដំណោះស្រាយត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញវាអាចធ្វើឱ្យពួកគេវ័ណ្ឌកជាមួយបំណុល ឬអាចឈានទៅដល់ការប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិផ្សេងៗពីកម្ចាស់បំណុលក្រៅផ្លូវការទាំងនោះទៀតផង។
យ៉ាងណាមិញ ជុំវិញការរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលនេះដែរលោក កាំង តុងងី អះអាងថា ទោះបីជាកូនបំណុលគ្មានលទ្ធភាពបង់យ៉ាងណាក៏ដោយ ក៏គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុគ្មានសិទ្ធក្នុងការរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុលបាននោះដែរ ពោលគឺបញ្ហានេះត្រូវឆ្លងកាត់ដោយយន្តការតុលាការជាអ្នកដោះស្រាយ។
សូមជម្រាបថា បើតាមការបញ្ជាក់របស់លោក កាំង តុងងី ក្នុងវិស័យមីក្រូហិរញ្ញវត្ថុបច្ចុប្បន្ន មានពលរដ្ឋសងយឺតលើសពី៣០ថ្ងៃ មានអត្រាកើនឡើងដល់ប្រមាណជិត៧% ដែលចំនួននេះជាកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ៕