Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុននឹងរងហានិភ័យ ពីការអូសបន្លាយរយៈពេលនៃការរក្សាអត្រាការប្រាក់ខ្ពស់ នៅអាមេរិក និងអឺរ៉ុប

Media LNN | Jun 28, 2024
ជប៉ុននឹងរងហានិភ័យ ពីការអូសបន្លាយរយៈពេលនៃការរក្សាអត្រាការប្រាក់ខ្ពស់ នៅអាមេរិក និងអឺរ៉ុប
Clinic narith

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សេដ្ឋកិច្ចជប៉ុនកំពុងស្ទុះងើបឡើងវិញ ជាបណ្តើរៗហើយ ប៉ុន្តែបានព្រមាននៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា អត្រាការប្រាក់ខ្ពស់នៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានបង្កហានិភ័យ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

មន្ត្រីការិយាល័យខុទ្ទកាល័យជប៉ុនមួយរូប ដែលបានចងក្រងរបាយការណ៍ប្រចាំខែសម្រាប់ខែមិថុនានេះ បាននិយាយថា ហានិភ័យទាំងនេះ ចំពោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន រួមមានទាំងសម្ពាធកាន់តែខ្លាំងទៅលើប្រាក់យ៉េន ដែលបានធ្លាក់ចុះថ្លៃ។ មន្ត្រីរូបនេះស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារមិនមានសិទ្ធិនិយាយប្រាប់អ្នកសារព័ត៌មាន អំពីបញ្ហានេះ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រាក់យ៉េនដែលជារូបិយប័ណ្ណរបស់ជប៉ុន បានធ្លាក់ថ្លៃហួសពី ១៦០យ៉េនកាលពីថ្ងៃព្រហស្បតិ៍ ស្ថិតនៅក្រោមបន្តិតពីកម្រិតទាបបំផុត ១៦០,៨៨យ៉េនធៀបនឹងប្រាក់ដុល្លារ ដែលជំរុញឱ្យមានការព្រួយបារម្ភ អំពីការកើនឡើងការចំណាយលើការរស់នៅកាន់តែខ្ពស់។ ការធ្លាក់ចុះថ្លៃប្រាក់យ៉េនខ្លាំង បានបង្កើនការព្រួយបារម្ភអំពីការចំណាយ លើការរស់នៅតាមរយៈការកើនឡើងការចំណាយ លើការនាំចូលទំនិញ ដែលបង្កផលប៉ះពាល់ដល់ប្រទេសជប៉ុន ដែលខ្សត់ខ្សោយធនធាន។

ប្រាក់យ៉េនបានធ្លាក់ថ្លៃប្រហែល ២ភាគរយនៅខែមិថុនា និងធ្លាក់ចុះថ្លៃ ១២ភាគរយនៅឆ្នាំនេះ ដោយសារភាពខុសគ្នាខ្លាំងរវាងអត្រាការប្រាក់ នៅសហរដ្ឋអាមេរិកនិងជប៉ុន។

របាយការណ៍ប្រចាំខែបានឱ្យដឹងទៀតថា៖ «សេដ្ឋកិច្ចជប៉ុនកំពុងស្ទុះងើបឡើងវិញក្នុងកម្រិតមធ្យម បើទោះបីជាថ្មីៗនេះវាមើលទៅហាក់ដូចជាកំពុងនៅទ្រឹងក៏ដោយ»។ របាយការណ៍ដដែលបានបន្ថែមថា៖ «សេដ្ឋកិច្ចអាចប្រឈមនឹងហានិភ័យធ្លាក់ចុះ ដោយសារផលប៉ះពាល់នៃការបន្តកើនឡើងអត្រាការប្រាក់ខ្ពស់ នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ នឹងមានការផ្តោតការយកចិត្តទុកដាក់ពេញលេញ ទៅលើភាពប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងទីផ្សារមូលធន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕