Alynana Media Cambodia
Icon Collap
clinic narit

អ្នកឧកញ៉ា គិត ម៉េង៖ បារាំងជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទីពីររបស់កម្ពុជា បន្ទាប់ពីប្រទេសអាល្លឺម៉ង់

Media LNN | Jun 28, 2024
អ្នកឧកញ៉ា គិត ម៉េង៖ បារាំងជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទីពីររបស់កម្ពុជា បន្ទាប់ពីប្រទេសអាល្លឺម៉ង់

 

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកឡើងថា បច្ចុប្បន្ន បារាំងជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទីពីរ របស់កម្ពុជា បន្ទាប់ពីប្រទេសអាល្លឺម៉ង់ ខណៈទំហំពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា ឈានដល់១៣៦៣លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីវេទិការធុរកិច្ចបារាំង-កម្ពុជា ដែលប្រព្រឹត្តទៅនៅស្ថានទូតបារាំង និងមានការអញ្ជើញចូលរួម ពីលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

បន្ថែមពីនោះទៀត អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ទៀតថា ការនាំចេញរបស់បារាំងមកកម្ពុជា ក្នុងឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់គឺ ៣១% បើធៀបនឹងឆ្នាំ ២០២២ ដែលភាគច្រើនរួមមាន ផលិតផលកសិកម្ម ឱសថ និងផលិតផលលោហធាតុ និងដែក។

ទន្ទឹមនឹងនេះ ការនាំចូលរបស់បារាំងពីកម្ពុជា ឈានដល់ ១១៩២លានអឺរ៉ូ ក្នុងឆ្នាំ២០២៣ ដែលភាគច្រើនគឺលើវិស័យវាយនភណ្ឌ ផលិតផលកសិកម្ម-ម្ហូបអាហារ និងកង់។ នេះជាការគូសបញ្ជាក់បន្ថែម របស់អ្នកឧកញ៉ា គិត ម៉េង។

អ្នកឧកញ៉ា គិត ម៉េង ក៏បានជម្រាបជូនអំពីទំនាក់ទំនង ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អប្រសើរ វាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ ដែលតែងតែ សហការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរៀផងដែរ។

Clinic narith

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តសហការក្នុងការជំរុញ ពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺថែរក្សាវិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗ បន្ថែមទៀតលើគ្រប់វិស័យ។

សូមបញ្ជាក់ថា វេទិកាធុរកិច្ចបារាំង-កម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ក្រោមអធីបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងមានការអញ្ជើញចូលរួម ពីមន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីបារាំង រួមនិងធុរជនរបស់ប្រទេសទាំងពីរ។

ក្នុងនោះ ក៏មានការចូលរួមពីសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំង ដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់ ដែលមានបំណងចង់ស្វែងយល់ឲ្យស៊ីជម្រៅអំពីទីផ្សារកម្ពុជា។

វេទិកាធុរកិច្ចនេះ ផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល សុខាភិបាល ថាមពល ការរៀបចំទីក្រុង ទេសចរណ៍ ភស្តុភារ និងដឹកជញ្ជូន កសិកម្ម និងកសិ-ម្ហូបអាហារ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។។

វេទិកានេះ ផ្តល់ឱកាសពិសេស ដល់ក្រុមហ៊ុន ក៏ដូចជាអ្នកដែលមានចំណាប់អារម្មណ៍ លើការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៅកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា។ វេទិកានេះ ក៏នឹងជួយបង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ អ្នកសម្រេចចិត្តផ្នែកនយោបាយ និងអ្នកជំនាញ ក្នុងស្រុកផងដែរ៕