(វ៉ាស៊ីនតោន)៖ បណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា បានរាយការណ៍ថាយោធាអាមេរិកបានដំឡើងការប្រកាសអាសន្នដល់កម្រិតទី២ សម្រាប់មូលដ្ឋានទ័ព របស់ខ្លួន នៅក្នុងតំបន់អឺរ៉ុប ចំពោះមុខការព្រួយបារម្ភថាការវាយប្រហារភេរវកម្មណាមួយអាចនឹងត្រូវបានធ្វើឡើងប្រឆាំងនឹងយោធា ឬមូលដ្ឋានទ័ពរបស់អាមេរិក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សារព័ត៌មានអាមេរិករួមមាន ABC News និង CNN បានឱ្យដឹងថាមូលដ្ឋានទ័ពអាមេរិក នៅទូទាំងតំបន់អឺរ៉ុបត្រូវបានដំឡើងកម្រិតប្រកាសអាសន្ន «Charlie» ជាកម្រិតប្រកាសអាសន្នមួយ ត្រូវបានធ្វើឡើងនៅពេលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ទទួលបានព័ត៌មានពីសកម្មភាពភេរវកម្ម ឬក៏ការវាយប្រហារប្រឆាំងនឹងកងទ័ព ឬមូលដ្ឋានអាមេរិកអាចនឹងកើតឡើង។ ចំណែក កម្រិតប្រកាសអាសន្នខ្ពស់បំផុត គឺ «Delta» ដែលត្រូវអនុវត្តនៅពេលការវាយប្រហារភេរវកម្មមួយបានកើតឡើង ឬក៏អាចនឹងកើតឡើងភ្លាមៗ។
នៅពេលត្រូវបានសាកសួរដោយ AFP ទីបញ្ជាការអាមេរិកប្រចាំអឺរ៉ុប USEUCOM មិនបានទទួលស្គាល់ពីការផ្លាស់ប្ដូរអ្វីទេ ដោយគ្រាន់តែបញ្ជាក់ថា «យើងរក្សាការប្រុងប្រយ័ត្នជានិច្ច»។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការបរទេសអាមេរិក បានណែនាំឱ្យពលរដ្ឋអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ដែលជាទីស្នាក់ការរបស់ USEUCOM បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារ ការគំរាមកំហែងភេរវកម្ម។ ម្យ៉ាងវិញទៀត ខណៈមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ បណ្ដាប្រទេសអឺរ៉ុបបានស្ថិតក្នុងលក្ខខណៈប្រុងជើងការខ្ពស់ ចាប់តាំងពីមានការវាយប្រហារភេរវកម្ម របស់ក្រុម ISIS លើទីក្រុងមូស្គូ កាលពីខែមីនាកន្លងទៅ ដោយសម្លាប់មនុស្សជិត ១៥០នាក់។ បារាំងវិញក៏បានបង្កើនការប្រុងប្រយ័ត្នផងដែរ ខណៈកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉ារីស (Paris Olympics) ហើយអាល្លឺម៉ង់កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប៕