Alynana Media Cambodia
Icon Collap
clinic narit

អាស៊ានក្លាយជាគោលដៅដ៏ទាក់ទាញក្នុងការស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេស

Media LNN | Jul 02, 2024
អាស៊ានក្លាយជាគោលដៅដ៏ទាក់ទាញក្នុងការស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេស
Clinic narith

តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាជម្រើសកំពូលសម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការធ្វើពិពិធកម្មផលិតកម្មចេញឆ្ងាយពីប្រទេសចិន រួមទាំងក្រុមហ៊ុនចិនផងដែរ នៅចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam News។

ប្រព័ន្ធផ្សព្វផ្សាយ CNBC បានរាយការណ៍ថា តំបន់អាស៊ីអាគ្នេយ៍មានទីតាំងល្អក្នុងការទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ពីយុទ្ធសាស្ត្រ China+1 ខណៈដែលក្រុមហ៊ុនបរទេស និងចិនជាច្រើនកំពុងប្រឹងប្រែងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រតិបត្តិការរបស់ពួកគេចេញផ្សាយពីប្រទេសចិន។ នេះបើតាមការឱ្យដឹងរបស់លោក ឃួ យីលីម (Kuo-Yi Lim) សហស្ថាបនិក និងជាដៃគូគ្រប់គ្រងក្រុមហ៊ុនមូលធនបណ្ដាក់ទុនអាស៊ីអាគ្នេយ៍ Monk’s Hill Venture។

យុទ្ធសាស្ត្រ 'China Plus One' នេះគឺជាការស្វែងរកការកាត់បន្ថយហានិភ័យទាក់ទងនឹងការពឹងផ្អែកទាំងស្រុងលើទីផ្សារ ឬខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិនតែមួយតាមរយៈការធ្វើពិពិធកម្មប្រតិបត្តិការផលិតកម្ម និងការពង្រីកទៅកាន់ប្រទេសផ្សេងទៀត ទោះបីជាក្រុមហ៊ុនបន្តវត្តមាននៅក្នុងប្រទេសចិនក៏ដោយ។

យុទ្ធសាស្ត្រនេះបានជំរុញឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងប្លុកអាស៊ាន។ អ្នកសេដ្ឋកិច្ចរបស់ក្រុមហ៊ុន OCBC បាននិយាយកាលពីខែឧសភាថា ការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងសេដ្ឋកិច្ចអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី និងវៀតណាម បានកើនឡើងដល់២៣៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ បើធៀបនឹងតួលេខជាមធ្យមប្រចាំឆ្នាំចំនួន១៩០ពាន់លានដុល្លារ នៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២២។

រំហូរការបណ្ដាក់ទុនផ្ទាល់ពីបរទេសភាគច្រើនមកពីសហរដ្ឋអាម៉េរិក ប្រទេសជប៉ុន សហភាពអឺរ៉ុប ចិនដីគោក និងក្រុងហុងកុង។ សម្រាប់វៀតណាម ប្រទេសនេះបានក្លាយជាកន្លែងផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung និងក្រុមហ៊ុនអាម៉េរិក Apple រួចទៅហើយ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក កំពុងស្វែងរកការធ្វើពិពិធកម្មការដំឡើងផលិតផលរបស់ខ្លួនក្រៅពីប្រទេសចិន៕