Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមនាំចេញទុរេនក្នុងតម្លៃជិត ១ពាន់លានដុល្លារទៅកាន់ប្រទេសចិន កើនឡើង ៧៤%

Media LNN | Jul 04, 2024
វៀតណាមនាំចេញទុរេនក្នុងតម្លៃជិត ១ពាន់លានដុល្លារទៅកាន់ប្រទេសចិន កើនឡើង ៧៤%
Clinic narith

(ហាណូយ)៖ ទិន្នន័យគយវៀតណាមបានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញផ្លែទុរេនក្នុងតម្លៃ ៩១៩លានដុល្លារក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ កើនឡើង ៧៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមកាសែត VN Express។

តម្លៃនាំចេញនេះបានធ្វើឱ្យទុរេនក្លាយជាផ្លែឈើនាំចេញច្រើនជាងគេសម្រាប់វៀតណាមដែលច្រើនជាងផ្លែងស្រកានាគដែលជាប់ចំណាត់ថ្នាក់ទី២ ចំនួន ៣,៥ដង។

កាសែត VN Express បានរាយការណ៍ថា អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា គ្រាន់តែក្នុងខែឧសភា ការនាំចេញផ្លែឈើដែលមានតម្លៃថ្លៃនេះមានតម្លៃ ៤៥០លានដុល្លារ ពោលគឺច្រើនជាងទ្វេដងធៀបនឹងតម្លៃកាលពីខែមេសា និងខ្ពស់ជាងខែឧសភាឆ្នាំមុន ៣៤%។

យោងតាមលោក Dang Phuc Nguyen អគ្គលេខាធិការសមាគមផ្លែឈើនិងបន្លែវៀតណាម (Vinafruit) បានប្រាប់កាសែត VN Express ថា សមាគមបានប៉ាន់ប្រមាណថា ការនាំចេញផ្លែទុរេនអាចមានចំនួន ៦០០លានដុល្លារក្នុងខែមិថុនា។ លោកបានបន្តថា ប្រទេសចិនគឺជាអ្នកនាំចូលទុរេនធំបំផុតរបស់វៀតណាមក្នុងឆ្នាំនេះ។

លោកបានបន្ថែមថា ប្រទេសវៀតណាមប្រមូលផលផ្លែទុរេនរយៈពេលពេញមួយឆ្នាំ ដោយជួយឱ្យវៀតណាមជៀសផុតពីការប្រកួតប្រជែងដោយផ្ទាល់ជាមួយទុរេនពីប្រទេសថៃ ដោយសារការប្រមូលផលទុរេនរបស់ប្រទេសថៃធ្វើឡើងទៅតាមរដូវធម្មជាតិ៕