(ប៉េកាំង)៖ នៅថ្ងៃទី ២៣ ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកសារព័ត៌មានបានសួរថា នៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ ប្រទេសចិនបានរៀបចំធ្វើ ពិធីបិទកិច្ចសន្ទនាផ្សះផ្សាផ្ទៃក្នុងរវាងកងកម្លាំងនិងអង្គការនានារបស់ប៉ាឡេស្ទីន។
តើភាគីចិនអាចបកស្រាយលម្អិតអំពី ស្ថានភាពពាក់ព័ន្ធនឹងកិច្ចសន្ទនាលើកនេះទេ? លោកស្រី Mao Ning បានឆ្លើយតបថា តមតាមការអញ្ជើញរបស់ប្រទេសចិន តំណាងជាន់ខ្ពស់នៃកងកម្លាំងនិងអង្គការរបស់ប៉ាឡេស្ទីនចំនួន ១៤ បានធ្វើកិច្ចសន្ទនាផ្សះផ្សាគ្នា នៅទីក្រុងប៉េកាំងពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា។ នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានចូលរួមនិងថ្លែងសុន្ទរកថា ក្នុងពិធីបិទកិច្ចសន្ទនាលើកនេះ កងកម្លាំងនិងអង្គការនានារបស់ប៉ាឡេស្ទីន បានចុះហត្ថលេខាលើ "សេចក្តីប្រកាសទីក្រុងប៉េកាំង ស្តីពីការបញ្ចប់ការបែកបាក់ និងពង្រឹងការរួបរួមសាមគ្គីគ្នានៃប្រជាជាតិប៉ាឡេស្ទីន"។
វាជាលើកដំបូងហើយដែលកងកម្លាំងនិងអង្គការប៉ាឡេស្ទីនចំនួន ១៤ បានជួបជុំគ្នានៅទីក្រុងប៉េកាំងដើម្បីធ្វើកិច្ចសន្ទនាផ្សះផ្សាគ្នា ដែលបាននាំមកនូវក្តីសង្ឃឹមដ៏មានតម្លៃជូនដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងរងទុក្ខវេទនា។ សេចក្តីប្រកាសបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់របស់ភាគីចិន ក្នុងការគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន បញ្ចប់ការបែកបាក់ និងធ្វើឱ្យមានការឯកភាពគ្នាអំពីជំហររបស់ប៉ាឡេស្ទីន។ "សេចក្តីប្រកាស” បានសម្គាល់ថា កិច្ចសន្ទនាក្រុងប៉េកាំង បានបង្ហាញពីស្មារតីដ៏វិជ្ជមាន និងប្រកបដោយលក្ខណៈស្ថាបនា ព្រមទាំងឯកភាពគ្នាពីការសម្រេចបាន នូវសាមគ្គីភាពនៃប្រជាជាតិប៉ាឡេស្ទីន ដែលរួមមានកងកម្លាំងនិងអង្គការទាំងអស់ ក្រោមក្របខ័ណ្ឌ ដែលអង្គការរំដោះប៉ាឡេស្ទីន (PLO) ជាអង្កការស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រជាជនប៉ាឡេស្ទីន៕
វិទ្យុមិត្តភាពកម្ពុជាចិន