អ្នកសេដ្ឋកិច្ចវិទូនៅអាម៉េរិក នៅតែបន្តបង្ហាញនូវសូចនាករនៃការភ័យខ្លាច ស្របពេលដែលបញ្ហានៃវិបត្តិការងារបាន និងកំពុងតែអង្រួននៅក្នុងប្រទេសមហាអំណាចផុតលេខរបស់ពិភពលោកមួយនេះ។ ភាពចលាចលដែលអង្រួនទីផ្សារហិរញ្ញវត្ថុពិភពលោកកាលពីសប្តាហ៍មុន កំពុងបង្កើននូវមន្ទិល ទោះបីជាមានការព្យាករថា ធនាគារកណ្តាលអាចនឹងបន្ធូបន្ថយអត្រាការប្រាក់មុនគោលដៅមកដល់ក៏ដោយ។
សេដ្ឋវិទូ និងពាណិជ្ជករអាម៉េរិកនៅ Wall Street ឥឡូវនេះ រំពឹងថា ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួន ដើម្បីធានាលើលំហូរនៃសាច់ប្រាក់រ៉ាប់រងលើការចំណាយសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មលឿនជាងអ្វី ដែលពួកគេបានគិតកាលពីមួយសប្តាហ៍មុន ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ច។ សារព័ត៌មាន AP បានឲ្យដឹងថា ការបង្ហាញក្តីរំពឹងនេះធ្វើងឡើងស្របពេលដែលលោក ជេរ៉ូមី ផូវែល (Jerome Powell) ប្រធានក្រុមប្រឹក្សាពិបាលធនាគារកណ្តាលអាម៉េរិក បានសង្កត់ធ្ងន់ជាបន្តបន្ទាប់ថា ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាការប្រាក់បានយ៉ាងឆាប់រហ័ស ប្រសិនបើខ្លួនយល់ថាវាចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ច។
នៅត្រីមាសទី២ឆ្នាំ២០២៤ សេដ្ឋកិច្ចអាម៉េរិក មានកំណើនរឹងមាំ ប៉ុន្តែស្រាប់តែវិបត្តិនៃកង្វះការងារហើមឡើងភ្លាមៗ ដែលនាំឲ្យមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខ។ អ្នកសេដ្ឋកិច្ចវិទូបានលើកឡើងថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចនៅតែបន្តស្ថិតនៅក្នុងស្ថានភាពនេះ វាគឺជាសញ្ញាដ៏អាក្រក់ ដែលផ្ទុយទៅនឹងអ្វីដែលអ្នកវិភាគភាគច្រើនបានព្យាករ។
ចាប់តាំងពីការប្រឈមមុខនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ មក សេដ្ឋកិច្ចរបស់អាម៉េរិក ហាក់ស្ថិតនៅក្នុងមាត់ជ្រោះនៃវិបត្តិជាបន្តបន្ទាប់ ប៉ុន្តែរហូតដល់ត្រីមាសទី១ និងទី២នៃឆ្នាំ២០២៤ ព័ត៌មានដ៏រីករាយ បានកើតមានឡើងតែមួយភ្លែត ក៏លេចចេញភ្លើងក្រហមមួយទៀតពាក់ព័ន្ធនឹងវិបត្តិនៃអត្រាអ្នកអត់ការងារធ្វើកើនឡើង។ អ្នកវិភាគបានអះអាងថា សញ្ញាភ្លើងក្រហមចុងក្រោយបំផុត គឺរបាយការណ៍ការងារនៅក្នុងខែកក្កដា ដែលបានចេញកាលពីថ្ងៃសុក្រ ដោយនាយកដ្ឋានការងារ ដែលបង្ហាញថា អត្រាគ្មានការងារធ្វើបានកើនឡើងពី៤,១% ទៅ៤,៣%។
ក្រោយពេលដែលទិន្នន័យនេះត្រូវបានផ្សព្វផ្សាយ ទីផ្សារមានការភ័យស្លន់ស្លោរ ហើយតម្លៃភាគហ៊ុនបានធ្លាក់ចុះម្តងទៀតកាលពីថ្ងៃចន្ទ ដោយសន្ទស្សន៍ភាគហ៊ុន Dow Jones បានធ្លាក់ចុះរហូតដល់ទៅ២,៦%។ ពាក់ព័ន្ធនឹងចំណុចនេះ លោកស្រី ក្លូឌៀ សេម (Claudia Sahm )អតីតសេដ្ឋវិទូនៅធនាគារកណ្តាលមួយរូបបានអះអាងថា នៅពេលដែលមនុស្សកាន់តែច្រើនបាត់បង់ការងារ ពួកគេនឹងកាត់បន្ថយការចំណាយរបស់ពួកគេ ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផ្សេងទៀតជាបន្តបន្ទាប់៕