Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលចិន គ្រោងប្រើបំណុលសាធារណៈ ទិញដី ដែលទុកចោល ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ

Media LNN | Aug 12, 2024
រដ្ឋាភិបាលចិន គ្រោងប្រើបំណុលសាធារណៈ ទិញដី ដែលទុកចោល ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ
Clinic narith

ប្រទេសចិន គ្រោងប្រើមូលបត្របំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ ដើម្បីផ្ដល់មូលនិធិសម្រាប់ការទិញដីដែលទុកចោលពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាប់គាំងសាច់ប្រាក់ដើម្បីសាងសង់លំនៅឋានតម្លៃសមរម្យ ខណៈដែលការលក់ផ្ទះថ្មីគិតជាម៉ែត្រការ៉េ នៅប្រទេសចិន បានធ្លាក់ចុះជាង២០%។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។

មូលបត្របំណុលសាធារណៈពិសេស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ២០១៥ ជាមធ្យោបាយមួយសម្រាប់រដ្ឋាភិបាលក្នុងតំបន់ផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធរួមទាំងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្លូវថ្នល់ផងដែរ។ ហើយថ្មីៗនេះមានការលេចលឺថា រដ្ឋាភិបាលចិន គ្រោងនឹងប្រើប្រាស់មូលបត្របំណុលនេះមួយចំណែកណាមួយ ដើម្បីទិញដីមិនទាន់បានអភិវឌ្ឍន៍ និងអគារមិនទាន់សង់រួចរាល់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន។

បើតាមការិយាល័យស្ថិតិជាតិរបស់ចិន បានឱ្យដឹងថា ការលក់ផ្ទះថ្មីនៅចិន គិតជាម៉ែត្រការ៉េ បានធ្លាក់ចុះ២២% នៅឆមាសទី១ឆ្នាំនេះ ហើយដោយសារតែជាប់គាំងសាច់ប្រាក់បានធ្វើឱ្យ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនមិនអាចចាប់ផ្តើមអភិវឌ្ឍន៍ដីឡូតិ៍ថ្មីបន្ថែមទៀត។

រដ្ឋាភិបាលចិន ចង់ផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកអភិវឌ្ឍន៍ និងលើកទឹកចិត្តដល់ការប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាពតាមរយៈគម្រោងទិញដីនេះ ដើម្បីសាងសង់លំនៅឋានសាធារណៈសម្រាប់អ្នកដែលមានចំណូលទាប ឬមធ្យម។

សំណើចុងក្រោយបំផុតនេះអាចធ្វើឱ្យហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងតំបន់កាន់តែអាក្រក់ទៅៗ ប្រសិនបើគម្រោងលំនៅឋានមានតម្លៃសមរម្យថ្មីនេះ បរាជ័យក្នុងការបង្កើតប្រាក់ចំណូលសម្រាប់ទ្រទ្រង់ការចំណាយសាធារណៈនោះ៕