Alynana Media Cambodia
Icon Collap
clinic narit

ចំនួនអ្នករៀបអាពាហ៍ពិពាហ៍ថ្មីៗនៅចិន ថយចុះខ្លាំង ខណៈថ្លៃបណ្ណាការកូនក្រមុំកើនខ្ពស់កប់ពពក

Media LNN | Aug 14, 2024
ចំនួនអ្នករៀបអាពាហ៍ពិពាហ៍ថ្មីៗនៅចិន ថយចុះខ្លាំង ខណៈថ្លៃបណ្ណាការកូនក្រមុំកើនខ្ពស់កប់ពពក
Clinic narith

ថ្លៃបណ្ណាការរបស់កូនក្រមុំនៅប្រទេសចិន បានកើនឡើងខ្ពស់ ដែលជារឿយមានតម្លៃក្នុងរង្វង់ជិត២ម៉ឺនដុល្លារអាម៉េរិក។ បញ្ហានេះអាចជាមូលហេតុមួយ ដែលធ្វើចំនួនអ្នករៀបការថ្មីៗនៅប្រទេសចិន មានការធ្លាក់ចុះ ដែលកំពុងបង្កជាក្តីបារម្ភដល់ផែនការអភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាលចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

ក្រសួងកិច្ចការរដ្ឋប្បវេណីចិន បានឱ្យដឹងថា ការចុះបញ្ជីអាពាហ៍ពិពាហ៍នៅក្នុងប្រទេសចិន បានធ្លាក់ចុះ១៨% នៅត្រីមាសទី២ឆ្នាំនេះ មកនៅត្រឹមជាង១លាន៤សែននាក់ប៉ុណ្ណោះ។ តួលេខនេះ គឺជាកំណត់ត្រាទាបបំផុតទីពីរ បើធៀបនឹងចំនួនអ្នកចុះបញ្ជីរៀបការជិត១លាន៤សែននាក់ នៅក្នុងត្រីមាស៤នៃឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

បើយោងតាមការសិក្សារបស់សាស្រ្តាចារ្យនៃសាកលវិទ្យាល័យវូហាន លោក ហ្គ័ង វ៉េហ្កាង (Gong Weigang) បានបង្ហាញថា ថ្លៃបណ្ណាការកូនក្រមុំច្រើនពេកអាចជាហេតុផលមួយធ្វើឱ្យយុវជនចិនស្ទាក់ស្ទើរក្នុងការរៀបការ ដោយបច្ចុប្បន្នការចំណាយជាមធ្យម គឺប្រហែល១៩, ៥០០ដុល្លារសម្រាប់ថ្លៃបណ្ណាការកូនក្រមុំ។ តួលេខនេះបានចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់ពីកម្រិតជាមធ្យមចន្លោះពីជាង១ពាន់ដុល្លារដល់ជាង២ពាន់ដុល្លារតាំងពីឆ្នាំ២០០៨។

តុលាការកំពូលរបស់ចិន បានបកស្រាយជុំវិញវិវាទថ្លៃបណ្ណាការថា ប្រសិនបើគូស្វាមីភរិយារស់នៅជាមួយគ្នាក្នុងរយៈពេលខ្លីបន្ទាប់ពីរៀបការហើយ តុលាការអាចឱ្យសងថ្លៃបណ្ណាការទៅកូនកម្លោះវិញ ប៉ុន្តែប្រសិនបើគូស្នេហ៍រស់នៅជាមួយគ្នាយូរ ហើយមានកូនដែរនោះ តុលាការនឹងមិនឱ្យប្រគល់ថ្លៃបណ្ណាការនោះវិញទេ៕