លោក គួច ចំរើន បានទុកពេល ១ ខែ ឱ្យម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ និងស្រុកស្អាង កែលម្អបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត មិនមានគុណភាព និងភាពអសកម្មរបស់ខ្លួន។ ពុំដូច្នោះទេ រដ្ឋបាលខេត្តនឹងព្រមានចាត់វិធានការតាមច្បាប់។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តកណ្តាល រងការរិះគន់យ៉ាងចាស់សម្តី ពីប្រជាពលរដ្ឋ ទាក់ទងនឹងការផ្គត់ផ្គង់ទឹកមិនមានគុណភាពរបស់ប្រតិបត្តិករ នៅតំបន់ ទាំង២នេះ ។ នេះបើតាមលិខិតព្រមាន ចុះថ្ងៃទី២០ ខែសីហានេះ។
លោក គួច ចំរើន បញ្ជាក់ក្នុងលិខិតដដែលថា៖ «ខេត្តបានរងការរិះគន់ពីពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត មិនមានគុណភាពស្របតាមស្ដង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់»។
ការពិតករណីនេះ មិនមែន ជារឿងទើបកើតឡើងនោះទេ។ បើតាមការពន្យល់របស់អភិបាលខេត្តកណ្តាល កន្លងមកអាជ្ញាធរ បានព្យាយាមរកដំណោះស្រាយជាមួយប្រតិបត្តិករផ្គត់ផ្គត់ទឹកស្អាតនោះជាច្រើនលើករួចហើយ ប៉ុន្តែបញ្ហានេះ នៅបន្តអូសបន្លាយដល់បច្ចុប្បន្ន។
ភ្ជាប់នឹងលិខិតព្រមាននេះដែរ លោក គួច ចំរើន បានពិពណ៌នានៅទំព័រហ្វេសប៊ុរបស់ខ្លួនដូច្នេះ «ពាក្យថា ទឹកស្អាត គឺត្រូវមានគុណភាពល្អ មិនមែនបូមទឹកទន្លេលក់ទេ។»៕