កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង២២លានដុល្លារអាម៉េរិក នៅ៧ខែឆ្នាំនេះ មានការកើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនេះ បរិមាណទូកុងតឺន័រឆ្លងកាត់កំពង់ផែនេះ ក៏មានការកើនឡើងប្រមាណ១៥% ផងដែរ នៅក្នុងរយៈពេលដូចគ្នានេះ។ តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញ មានការកើនឡើងយ៉ាងដូច្នេះ ហើយការកើនឡើងនេះវាបានចុះបញ្ចាំងយ៉ាងណាខ្លះពីស្ថានភាពពាណិជ្ជកម្មនៅកម្ពុជា?
របាយការណ៍ពុំទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា នៅ៧ខែដំបូងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង២២លានដុល្លារ មានការកើនឡើងប្រមាណ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង២០លានដុល្លារតែប៉ុណ្ណោះ។ ក្នុងនោះប្រាក់ចំណូលបានពីប្រតិបត្តិការកំពង់ផែ មានជាង១៨លានដុល្លារ កើនឡើង១៤% ខណៈចំណូលពីអាជ្ញាធរផែមានចំនួនជាង៣លានដុល្លារ កើនឡើង១៥% និងចំណូលសេវាកម្មផ្សេងៗមានចំនួនជិត១លានដុល្លារ កើនឡើង៦%។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស បានចាត់ទុកការកើនឡើងប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនេះ គឺបានបង្ហាញពីភាពប្រសើរឡើងនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដៃគូនៅក្នុងតំបន់ និងលើពិភពលោក ទាំងការនាំចេញ និងនាំចូលឆ្លងកាត់កំពង់ផែនេះ។
សូមជម្រាបថា នៅរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណទូកុងតឺន័រឆ្លងកាត់ជាង២៥ម៉ឺន៣ពាន់ TEUs មានការកើនឡើងប្រមាណ១៥ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែនេះវិញ មានជាង២លាន៧សែនតោនកើនឡើងប្រមាណ១១% ខណៈបរិមាណនាវាឆ្លងកាត់មានចំនួនជាង៣ពាន់គ្រឿង កើនឡើង៩% និងបរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់កំពង់ផែនេះមានជាង១ម៉ឺន៨ពាន់គ្រឿង កើនឡើងជាង៧១%៕