Alynana Media Cambodia
Icon Collap
clinic narit

វៀតណាម គ្រោងបើកដំណើរការរថភ្លើងក្រោមដីដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំនេះ ក្រោយពន្យារពេលជាង១០ឆ្នាំ

Media LNN | Aug 24, 2024
វៀតណាម គ្រោងបើកដំណើរការរថភ្លើងក្រោមដីដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំនេះ ក្រោយពន្យារពេលជាង១០ឆ្នាំ
Clinic narith

ក្រោយរង់ចាំយ៉ាងអន្ទះសាអស់រយៈពេលប្រមាណ១០ឆ្នាំកន្លងមកនេះ ទីបំផុតវៀតណាម ដែលអ្នកភូមិផងរបងជាមួយកម្ពុជា គ្រោងដាក់ឱ្យដំណើរការខ្សែរថភ្លើងក្រោមដីដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំ២០២៤ នេះ។ តែយ៉ាងណាគេមើលឃើញថា គម្រោងនេះអាចប្រឈមនឹងការពន្យារពេលបន្ថែមទៀត ក្រោយក្រុមហ៊ុនជប៉ុន Hitachi ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ ទាមទារថ្លៃទូទាត់បន្ថែមដោយសារការកើនឡើងថ្លៃដើម ដោយសារការពន្យារពេលបើកឱ្យដំណើរការនេះ។ បើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

ប្រទេសវៀតណាម គ្រោងនឹងបើកដំណើរការខ្សែរថភ្លើងក្រោមដំបូងបង្អស់របស់ខ្លួននៅទីក្រុងហូជីមិញនៅចុងឆ្នាំ២០២៤ នេះ បន្ទាប់ពីបានពន្យារពេលអស់ជាច្រើនឆ្នាំកន្លងមកនេះ។ តាមផែនការគម្រោងផ្លូវរថភ្លើង ដែលតភ្ជាប់ពីស្ថានីយរថភ្លើងបេនថាញ់ (Ben Thanh) នៅកណ្ដាលទីក្រុងហូជីមិញទៅកាន់តំបន់ជាយក្រុងភាគខាងកើត ដែលមានចម្ងាយជិត២០គីឡូម៉ែត្រនេះ គ្រោងដាក់ឱ្យដំណើរការតាំងពីរពាក់កណ្តាលឆ្នាំ២០១០ មកម៉្លេះ តែត្រូវបានពន្យារពេលជាបន្តបន្ទាប់។

បើតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ នីកេ ការពន្យារពេលដាក់ឱ្យដំណើរការជាបន្តបន្ទាប់របស់គម្រោងនេះ គឺដោយសារមានបញ្ហាជាច្រើនរួមទាំងបញ្ហារដ្ឋបាល និងការកើនឡើងការចំណាយជាដើម​។ គម្រោងនេះត្រូវបានអភិវឌ្ឍន៍ឡើងក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលមានទំហំប្រមាណ១ពាន់លានដុល្លារអាម៉េរិក។

យ៉ាងណាមិញ ក្រុមហ៊ុនជប៉ុន Hitachi ដែលជាអ្នកម៉ៅការសាងសង់ផ្លូវរថភ្លើងនេះបានដាក់ពាក្យទៅមជ្ឈមណ្ឌលមជ្ឈត្តកម្ម ឬមជ្ឈមណ្ឌលដោះស្រាយទំនាស់របស់វៀតណាម ដើម្បីទាមទារប្រាក់ចំនួន១៦០លានដុល្លារបន្ថែមទៀត ដើម្បីយកទៅទូទាត់ថ្លៃចំណាយនៅក្នុងអំឡុងពេលពន្យារពេល ដែលកត្តានេះអាចធ្វើឱ្យគម្រោងនេះប្រឈមនឹងការពន្យារពេលបន្ថែមទៀត៕