Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនអចលនទ្រព្យធំៗនៅវៀតណាម កំពុងសម្លឹងងាកទៅរកការអភិវឌ្ឍលំនៅឋានសម្រាប់មនុស្សចាស់

Media LNN | Aug 24, 2024
ក្រុមហ៊ុនអចលនទ្រព្យធំៗនៅវៀតណាម កំពុងសម្លឹងងាកទៅរកការអភិវឌ្ឍលំនៅឋានសម្រាប់មនុស្សចាស់
Clinic narith

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅវៀតណាម កំពុងសម្លឹងងាកទៅរកការអភិវឌ្ឍគម្រោងលំនៅឋានសម្រាប់អ្នកចូលនិវត្តន៍ ដើម្បីផ្តល់លទ្ធភាពឱ្យមនុស្សវ័យចំណាស់អាចទទួលបានលំនៅឋានសមរម្យសម្រាប់រស់នៅនាឆាកជីវិតចុងក្រោយរបស់ខ្លួន។ កត្តាដែលជំរុញក្រុមហ៊ុនទាំងនោះចង់ងាកទៅរកការវិនិយោគរបស់ខ្លួន ធ្វើឡើងក្រោយមានការព្យាករថា ពលរដ្ឋវៀតណាមដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នឹងមានរហូតដល់ទៅ២៥% នៃចំនួនប្រជាជនសរុបនៅឆ្នាំ២០៥០ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅវៀតណាម កំពុងសម្លឹងមើលការវិនិយោគលើទីផ្សារលំនៅឋានសម្រាប់អ្នកចូលនិវត្តន៍ ដើម្បីផ្តល់ឱកាសដល់ប្រជាជនវ័យចំណាស់ក្នុងប្រទេសមានកន្លែងសម្រាប់រស់នៅសមរម្យទាំងគុណភាព និងសេវាកម្មថែទាំសុខភាពនៅពេលពួកគេចាស់ជរា។ អង្គការមូលនិធិប្រជាជនអង្គការសហប្រជាជាតិ(UNFPA)បានអះអាងថា វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០នៅអាស៊ាន ដែលមានអត្រាមនុស្សចាស់កើនឡើងលឿនបំផុតនៅលើពិភពលោក។

ពលរដ្ឋវៀតណាម ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅត្រូវបានព្យាករ​ថា នឹងមានរហូតដល់២៥%នៃចំនួនប្រជាជនសរុបរបស់វៀតណាម នៅឆ្នាំ២០៥០ ខាងមុខ។ ដោយឡែកទិន្នន័យពីការិយាល័យស្ថិតិវៀតណាម បានបង្ហាញថា ចន្លោះពីឆ្នាំ២០០៩-២០១៩ ចំនួនប្រជាជនសរុបរបស់ប្រទេសនេះ មានការកើនឡើងត្រឹមតែជាង១%ប៉ុណ្ណោះ តែប្រជាជនវ័យចំណាស់បានកើនឡើងដល់ជាង៤% ក្នុងមួយឆ្នាំ។

ពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាជនវ័យចំណាស់ ការស្ទង់មតិមួយបានបង្ហាញថា មានប្រហែល៣៦% នៃមនុស្សចាស់នៅក្នុងប្រទេសនេះ បាននិយាយថា ពួកគេ និងក្រុមគ្រួសារមានឆន្ទៈក្នុងការបង់ប្រាក់សម្រាប់សេវាថែទាំមនុស្សចាស់ ដែលនាំឲ្យក្រុមហ៊ុនមួយចំនួនចាប់អារម្មណ៍នឹងគម្រោងលំនៅឋានសម្រាប់មនុស្សចាស់។

លោក ផាម ធី មៀន (Pham Thị Miền) តំណាងសមាគមឈ្មួញកណ្តាលអចលនវត្ថុវៀតណាម បាននិយាយថា គម្រោងអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់អ្នកចូលនិវត្តន៍នៅប្រទេសវៀតណាម គឺជាគម្រោងដើម្បីបំពេញតម្រូវការរបស់មនុស្សចាស់ ក៏ដូចជាសម្រួលសម្ពាធលើគ្រួសារ ដូច្នេះហើយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗកំពុងចាប់អារម្មណ៍នឹងទីផ្សារលំនៅឋានបែបនេះ។ នៅពេលនេះក្រុមហ៊ុនដែលកំពុងតែចាប់អារម្មណ៍នឹងគម្រោងនេះ មានដូចជា ក្រុមហ៊ុន Vingroup និង ក្រុមហ៊ុន Sun Group ជាដើម។

កាលពីខែមីនា ក្រុមហ៊ុន Vingroup បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ Well Group របស់ប្រទេសជប៉ុន ដើម្បីបង្កើតមជ្ឈមណ្ឌលថែទាំសុខភាពលំដាប់ពិភពលោកសម្រាប់មនុស្សចាស់នៅទីក្រុងហាណូយ។ ហើយកាលពី ដើមខែសីហា ក្រុមហ៊ុន Sun Group ក៏បានចាប់ផ្តើមសាងសង់គម្រោង Sun Urban City នៅតំបន់ ហាណាំ (Hà Nam) ដើម្បីអភិវឌ្ឍន៍ផលិតផល និងសេវាកម្មផ្សេងៗសម្រាប់មនុស្សចាស់ផងដែរ៕