ឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈ នៅប្រទេសវៀតណាម កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយមានហាងរហូតដល់ទៅជាង៣ម៉ឺនកន្លែងត្រូវបានបិទទ្វារ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ខណៈដែលមនុស្សចាប់ផ្ដើមកាត់បន្ថយការចូលហាងដោយសារសេដ្ឋកិច្ចធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
របាយការណ៍របស់ក្រុមហ៊ុន iPOS ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ក្នុងឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈវៀតណាម បានបង្ហាញថា ហាងលក់ចំណីអាហារ និងភេសជ្ជៈនៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះ មានចំនួន៣០ម៉ឺន៤៧០០ហាង គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤ ដោយធ្លាក់ចុះ៣,៩% បើធៀបនឹងចុងឆ្នាំ២០២៣។
លោក វូ ថាញ់ ហុង (Vu Thanh Hung) នាយកប្រតិបត្តិក្រុមហ៊ុន iPOS បានលើកឡើងថា មានការកើនឡើងយ៉ាងគំហុកនូវចំនួនហាង ដែលបានបិទទ្វារ ក្រោយបើករកស៊ីបានរយៈពេល៣ខែ ជាពិសេសនៅតាមទីក្រុងធំៗ។ សូម្បីតែហាងដែលមានម៉ាកយីហោល្បីៗ ដែលបានឈរជើងយ៉ាងរឹងមាំ និងមានភ្ញៀវស្រាប់ ក៏បានរងផលប៉ះពាល់ដោយសារសេដ្ឋកិច្ចធ្លាក់ចុះដែរ។ ឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈនៅវៀតណាម ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ បានជួបការលំបាកយ៉ាងខ្លាំង ហើយជាលទ្ធផលអាជីវកម្មជាច្រើនបានបិទទ្វារឈប់រកស៊ី។
ប៉ុន្តែទន្ទឹមនេះ ប្រាក់ចំណូលសរុបក្នុងឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈទាំងមូលរបស់វៀតណាម បានកើនឡើងជិតដល់១៦,៥ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង២ភាគ៣នៃប្រាក់ចំណូលសរុបក្នុងឧស្សាហកម្មនេះពេញមួយឆ្នាំ២០២៣។
ក្រុមហ៊ុន iPOS បានសន្មតថា ការធ្លាក់ចុះ ឬការបិទហាងលក់ចំណីអាហារ និងភេសជ្ជៈជាបន្តបន្ទាប់នេះបណ្ដាលមកពីអតិផរណាហក់ឡើងខ្ពស់ដល់ជាង៤% និងប្រូម៉ូសិនបញ្ចុះតម្លៃច្រើនពេក ដើម្បីដេញជើងគ្នាក្នុងឧស្សាហកម្មនេះ។
ការស្ទង់មតិលើហាងចំនួន៩៥១ហាង នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានរកឃើញថា មានត្រឹមតែ១ភាគ៣ប៉ុណ្ណោះនៃហាងទាំងនោះដែលមានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួន បើធៀបនឹងឆ្នាំ២០២៣ ដែលមានរហូតដល់ទៅជាងពាក់កណ្ដាលឯណោះ៕