នៅពីរសប្តាហ៍ចុងក្រោយនេះ តម្លៃដំឡូងមីស្រស់នៅកម្ពុជា បានហក់ឡើងថ្លៃបន្តិចមកវិញ ពោលគឺបច្ចុប្បន្នដំឡូងមីស្រស់នៅតំបន់ខ្លះ មានតម្លៃចន្លោះពី២១០រៀល ទៅជាង៤០០រៀល ក្នុង១គីឡូក្រាម។ តែយ៉ាងណាតម្លៃនេះត្រូវបានមន្ត្រី និងអ្នកជំនាញក្នុងវិស័យនេះ អះអាងថា មានកសិករខ្លះអាចទទួលបានផលចំណេញ តែមានកសិករខ្លះបានត្រឹមទប់ទល់តែប៉ុណ្ណោះ។ ហេតុអ្វីតម្លៃដំឡូងមីស្រស់ឡើងថ្លៃ តែពលរដ្ឋប្រកបរបរដាំដំណាំដំឡូងមីមួយចំនួននៅតែត្អូញត្អែរបែបនេះ?
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានឱ្យដឹងថា នៅ២សប្ដាហ៍កន្លងមកនេះ ដំឡូងមីស្រស់ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានឈ្មួញទិញក្នុងតម្លៃចន្លោះពី២១០រៀល ទៅ២៣០រៀល ក្នុង១គីឡូក្រាម ខណៈនៅតាមបណ្ដាខេត្តមួយចំនួនទៀត ត្រូវបានឈ្មួញទិញចន្លោះពីជាង៣០០រៀលដល់ជាង៤០០រៀល ក្នុង១គីឡូក្រាម ប៉ុន្តែនៅរោងចក្រវិញ គេអាចទិញក្នុងតម្លៃទាប ឬខ្ពស់ជាងនេះ អាស្រ័យទៅលើកម្រិតគុណភាពម្សៅរបស់ដំឡូងមី។
បើតាមប្រធានសមាគមរូបនេះ តម្លៃដំឡូងមីស្រស់ចន្លោះពី២១០រៀល ទៅ២៣០រៀលក្នុង១គីឡូក្រាម ពុំអាចធ្វើឱ្យកសិករទទួលផលចំណេញច្រើននោះទេ ដោយសារតែកសិករភាគច្រើនចំណាយលើការដាំដុះខ្ពស់។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានអះអាងថា តម្លៃដំឡូងមីហក់ឡើងខ្ពស់ ឬធ្លាក់ចុះទាប គឺវាអាស្រ័យលើតម្រូវការនៃទីផ្សារបញ្ជាទិញ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ តម្លៃដំឡូងមីនៅក្នុងឆ្នាំនេះមានការធ្លាក់ចុះប្រមាណពី៣០ ទៅ៤០រៀល ក្នុង១គីឡូក្រាម បើធៀបនឹងតម្លៃក្នុងឆ្នាំ២០២៣ ដោយសារចរន្តទីផ្សារ និងតម្រូវការកែច្នៃ។ តែយ៉ាងណាការនាំចេញដំឡូងមីនៅឆ្នាំនេះហាក់ពុំមានការថមថយនោះទេ ពោលគឺជាមធ្យមប្រមាណជាង២ពាន់តោនក្នុង១ថ្ងៃ។
បើតាមប្រធានមន្ទីរកសិកម្មរូបនេះ ការទទួលផលចំណេញពីការដាំដំឡូងមីតិច ឬច្រើន គឺអាស្រ័យលើការថែទាំ។ ជាក់ស្ដែងចម្ការដំឡូងមី ដែលដាំដុះតាមស្តង់ដាបច្ចេកទេស គឺអាចទទួលផលជាមធ្យមចន្លោះពី៤០ ទៅ៥០តោនក្នុង១ហិកតា ខណៈការដាំដុះធម្មតាអាចទទួលផលចន្លោះពី១០ទៅ២០តោនក្នុង១ហិកតាតែប៉ុណ្ណោះ។
បើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលកសិផលទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង៥៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះដំឡូងមី គឺជាកសិផលមួយស្ថិតក្នុងចំណោមកសិផលជាង៧៧មុខផ្សេងទៀតរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសប្រមាណ៨០ជុំវិញពិភពលោក៕