Alynana Media Cambodia
Icon Collap
clinic narit

ក្រុមអ្នកវិភាគអះអាងថា ចិន កំពុងជួសជុលទីផ្សារលំនៅឋានក្នុងល្បឿនមួយយឺតជាទីបំផុត

Media LNN | Sep 02, 2024
ក្រុមអ្នកវិភាគអះអាងថា ចិន កំពុងជួសជុលទីផ្សារលំនៅឋានក្នុងល្បឿនមួយយឺតជាទីបំផុត
Clinic narith

ក្រុមអ្នកវិភាគនិយាយថា ប្រទេសចិន កំពុងជួសជុលទីផ្សារលំនៅឋាននៅក្នុងល្បឿនមួយយឺតជាទីបំផុត ខណៈដែលចិន ទើបតែបានចាក់បញ្ចូលសាច់ប្រាក់ចំនួន១២ពាន់លានដុល្លារក្នុងចំណោមថវិកាសរុប៤២ពាន់លានដុល្លារប៉ុណ្ណោះ សម្រាប់ទិញលំនៅឋាន ដែលលក់មិនចេញពីអ្នកអភិវឌ្ឍន៍លំនៅឋានដាក់ជាលំនៅឋានរបស់រដ្ឋ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Malaysia។

ក្តីសង្ឃឹមចំពោះទីផ្សារលំនៅឋានមានកម្រិតខ្ពស់នៅពេលប្រទេសចិន បានប្រកាសពីជំហាន «ជាប្រវត្តិសាស្ត្រ» កាលពីខែឧសភា កន្លងទៅ ដើម្បីដោះស្រាយវិបត្តិលំនៅឋានរបស់ខ្លួន។ តាមរយៈផែនការនេះ រដ្ឋាភិបាលក្នុងតំបន់ត្រូវបានលើកទឹកចិត្តឱ្យទិញលំនៅឋានដែលលក់មិនចេញពីអ្នកអភិវឌ្ឍន៍ ហើយបង្វែរលំនៅឋានទាំងនោះទៅជាលំនៅឋានសាធារណៈ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបង្ហាញថា ទីក្រុងជាង៨០ បានប្រកាសពីផែនការធ្វើបែបនេះក្នុងបំណងជួយផ្គត់ផ្គង់គម្រោងលំនៅឋាន ហើយមកដល់ពេលនេះ ផែនការនេះទើបតែអនុវត្តបាននៅតាមទីក្រុងមួយចំនួនតូចប៉ុណ្ណោះ ដូចជាទីក្រុងចុងកឹង និងទីក្រុងហ្វូស៊ូ ដែលរដ្ឋាភិបាលតាមតំបន់បានជួយទិញផ្ទះល្វែងសរុបមិនដល់១ម៉ឺនល្វែងនោះឡើយ។

ប៉ុន្តែអ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs បាននិយាយថា នេះគឺជាការជួសជុលទីផ្សារលំនៅឋានរបស់ចិន ក្នុងល្បឿនមួយយឺតបំផុត។ អ្នកវិភាគនេះបានប៉ាន់ប្រមាណកាលពីខែមិថុនា ថា រដ្ឋាភិបាលចិន គួរណាស់តែចំណាយប្រហែល២៨២ពាន់លានដុល្លារ ដើម្បីជួយទិញផ្ទះដែលលក់មិនចេញឱ្យបាន១០% នៅទូទាំងប្រទេសនេះ ប្រសិនបើរដ្ឋាភិបាលចិន ពិតជាចង់ជួយស្ដារទីផ្សារលំនៅឋានពិតមែន​។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគនៅក្រុមហ៊ុន UBS បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន ឆ្នាំ២០២៤ ពី៤,៩% មកនៅត្រឹម៤% វិញ ដោយសារតែវិបត្តិអចលនទ្រព្យរបស់ចិន ស្ថិតនៅបាតក្រោមនៅឡើយ គួបផ្សំនឹងកត្តាផ្សេងៗទៀត៕