Alynana Media Cambodia
Icon Collap
clinic narit

វៀតណាម ជាប់ចំណាត់ថ្នាក់កំពូល ៤ឆ្នាំ ជាប់គ្នាជាប្រទេសមានថ្លៃចំណាយជីវភាពទាបបំផុតសម្រាប់ជនបរទេស

Media LNN | Sep 02, 2024
វៀតណាម ជាប់ចំណាត់ថ្នាក់កំពូល ៤ឆ្នាំ ជាប់គ្នាជាប្រទេសមានថ្លៃចំណាយជីវភាពទាបបំផុតសម្រាប់ជនបរទេស
Clinic narith

ប្រទេសមួយដែលមានថ្លៃចំណាយជីវភាពប្រចាំថ្ងៃទាបខ្លាំងសម្រាប់ជនបរទេសរស់នៅ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន រួមមាន ការទាក់ទាញជនបរទេស រួមទាំងភ្ញៀវទេសចរផង ការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក ការជំរុញការវិនិយោគ ការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត ការទាក់ទាញមនុស្សមានទេពកោសល្យ ការបង្កើនការប្រកួតប្រជែង និងការបង្កើនភាពធុននៃសេដ្ឋកិច្ចជាដើម។ ដូចនេះ តើប្រទេសណាជាប់ឈ្មោះជាប្រទេសដែលមានថ្លៃចំណាយជីវភាពទាបបំផុតរបស់ពិភពលោកសម្រាប់ជនបរទេសរស់នៅ?

របាយការណ៍ស្ទង់មតិប្រចាំឆ្នាំមានឈ្មោះថា “ទស្សនជនបរទេសប្រចាំឆ្នាំ២០២៤” ឬ Expat Insider 2024 របស់អង្គការអន្តរជាតិ InterNations បង្ហាញថា វៀតណាម ដែលមានប្រជាជនសរុបជាង៩០លាននាក់ បានជាប់ឈ្មោះជាប្រទេសដែលមានថ្លៃចំណាយជីវភាពទាបបំផុតរបស់ពិភពលោកសម្រាប់ជនបរទេសរស់នៅរយៈពេល៤ឆ្នាំជាប់ៗគ្នា រួមទាំងឆ្នាំ២០២៤ នេះផង។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។

ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់កំពូលក្នុងសន្ទស្សន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬ Personal Finance Index នៃរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការអន្តរជាតិ InterNations។

នៅក្នុងការស្ទង់មតិរបស់ខ្លួន អង្គការអន្តរជាតិ InterNations បានស្នើសុំឱ្យជនបរទេសដាក់ពិន្ទុលើកត្តាសំខាន់ចំនួន៣ផ្សេងគ្នាដោយការដាក់ពិន្ទុរាប់ចាប់ពី១ពិន្ទុ (ដែលបង្ហាញថា អាក្រក់ណាស់) រហូតដល់៧ពិន្ទុ (ដែលបង្ហាញថាល្អណាស់) ។

កត្តាសំខាន់ទាំង៣ខាងលើ រួមមានទី១៖ ថ្លៃចំណាយជីវភាពរស់នៅប្រចាំថ្ងៃ ទី៖ ការពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ និងទី៣៖ ថាតើប្រាក់ចំណូលគ្រួសាររបស់ពួកគេគ្រប់គ្រាន់សម្រាប់រស់នៅដោយសុខស្រួលនៅក្នុងប្រទេសវៀតណាម ដែរឬទេ។

របាយការណ៍ស្ទង់មតិដដែលបានបញ្ជាក់ថា ប្រទេសវៀតណាម ពិតជាស័ក្ដិសមនឹងទទួលបានចំណាត់ថ្នាក់កំពូលនេះខ្លាំងណាស់ ដោយសារតែប្រទេសនេះតែងតែរក្សាថ្លៃចំណាយជីវភាពប្រចាំថ្ងៃឱ្យនៅទាបខ្លាំង។

នៅក្នុងការស្ទង់មតិនេះ ជនបរទេសភាគច្រើន ពោលគឺរហូតដល់ទៅ៨៦% បានដាក់ពិន្ទុ “ល្អ” សម្រាប់ថ្លៃចំណាយជីវភាពប្រចាំថ្ងៃក្នុងប្រទេសនេះ ដែលល្អជាងឆ្ងាយបើធៀបនឹងអត្រាជាមធ្យម៤០% នៅទូទាំងពិភពលោក។ លើសពីនេះទៅទៀត ពាក់កណ្ដាលនៃជនបរទេសទាំងនេះ បានដាក់ពិន្ទ “ល្អណាស់” សម្រាប់ថ្លៃចំណាយជីវភាពប្រចាំថ្ងៃក្នុងប្រទេសនេះ ដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងអត្រាជាមធ្យម១២% នៅទូទាំងពិភពលោក៕