Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌាត្រូវការកំណើនសេដ្ឋកិច្ចលឿនជាងនេះក្នុងពេលមួយទសវត្សរ៍ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍

Media LNN | Sep 04, 2024
ឥណ្ឌាត្រូវការកំណើនសេដ្ឋកិច្ចលឿនជាងនេះក្នុងពេលមួយទសវត្សរ៍ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍
Clinic narith

(ញូដែលី)៖ មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌានឹងត្រូវការកំណើនសេដ្ឋកិច្ចលឿនឆាប់រហ័សក្នុងរយៈពេលមួយទសវត្សរ៍ដើម្បីសម្រេចបានគោលដៅរបស់នាយករដ្ឋមន្ត្រី ណារ៉េដ្រា ម៉ូឌី (Narendra Modi) ក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Michael Patra ទេសាភិបាលរងនៃធនាគារកណ្តាលឥណ្ឌាត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មឥណ្ឌានៅទីក្រុងម៉ុមបៃនៅថ្ងៃអង្គារថា វាអាចទៅរួចសម្រាប់ការធ្វើឱ្យប្រាក់ចំណូលសម្រាប់មនុស្សម្នាក់របស់ឥណ្ឌាកើនឡើងដល់កម្រិតដែលតម្រូវឱ្យចាត់ទុកថាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍។

ប៉ុន្តែលោកបានបន្ថែមថា ដើម្បីឱ្យសម្រេចកិច្ចការនេះបាន «កំណើនសេដ្ឋកិច្ចក្នុងល្បឿនលឿនត្រូវការប្រហែលរយៈពេលមួយទសវត្សរ៍»។ លោកបានបន្ថែមថា៖ «បន្ទាប់មក សន្ទុះកំណើនសេដ្ឋកិច្ចខ្លាំងនឹងជំរុញឱ្យប្រទេសឥណ្ឌាឆ្ពោះទៅមុខ ទោះបីជាធ្លាក់ចុះកំណើនទាបមកវិញក៏ដោយ»។

សេដ្ឋវិទូនានាបានឱ្យដឹងថា គោលដៅរបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី មានមហិច្ឆតាហួសហេតុ ព្រោះថាវានឹងតម្រូវឱ្យផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាកើនឡើងជាង ៦ដង ដល់ប្រហែល ២៣ពាន់លានដុល្លារ ហើយសម្រាប់កំណើនវិញអាចកើនឡើងដល់យ៉ាងហោចណាស់ ៨% ក្នុងមួយឆ្នាំ។

លោក Patra បាននិយាយថា គោលដៅនេះអាចសម្រេចបានលុះត្រាថា ឥណ្ឌាកសាង «ហេដ្ឋារចនាសម្ព័ន្ធរូបវន្តលំដាប់ពិភពលោក» និងបង្កើត «បរិយាកាសអំណោយផល» សម្រាប់នវានុវត្តន៍។

លោក Patra បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌាមានឱនភាពចំណាយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចណាស់ ៤% នៃផលិតផលក្នុងស្រុកសរុប។ លោកបាននិយាយថា នៅឆ្នាំ២០៣០ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវកើនឡើងដល់ ១,៧ពាន់ពាន់លានដុល្លារ ជាមួយនឹងការវិនិយោគបៃតងប្រហែល ០,៤ពាន់ពាន់លានដុល្លារ។

លោកបន្តថា៖ «នៅថ្ងៃខាងមុខ វិស័យឯកជននឹងក្លាយជាតួអង្គដ៏សំខាន់សម្រាប់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្នែកថាមពល និងការដឹកជញ្ជូន»។

ឥណ្ឌាក៏នឹងត្រូវការហិរញ្ញប្បទានជិត ២ពាន់ពាន់លានដុល្លារសម្រាប់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យមរបស់ខ្លួនផងដែរ ដែលគួរតែមានប្រភពហិរញ្ញប្បទានបន្ថែមក្រៅតែពីធនាគារ។ ឥណ្ឌានឹងត្រូវបង្កើនជំនាញកម្លាំងពលកម្មវ័យក្មេងរបស់ខ្លួនឱ្យបានយ៉ាងឆាប់រហ័ស ដែលប្រទេសនេះនឹងត្រូវចំណាយប្រាក់ ២ ទៅ ៣ពាន់ពាន់លានរូពី (២៤ ទៅ ៣៦ពាន់លានដុល្លារ) ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៦ឆ្នាំបន្ទាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕