Alynana Media Cambodia
Icon Collap
clinic narit

ជាលើកទី​១ អូស្ត្រាលី​​ផលិត​អគ្គិសនី​​ចេញពី​​​​ធ្យូងថ្ម​ តិចជាង​៥០% នៃថាមពល​​ប្រើប្រាស់​សរុប

Media LNN | Sep 06, 2024
ជាលើកទី​១ អូស្ត្រាលី​​ផលិត​អគ្គិសនី​​ចេញពី​​​​ធ្យូងថ្ម​ តិចជាង​៥០% នៃថាមពល​​ប្រើប្រាស់​សរុប
Clinic narith

ចុង​ខែសីហា អូស្ត្រាលីផលិត​អគ្គិសនី​​ចម្រាញ់​ចេញ​ពីចំហេះ​​ធ្យូងថ្ម បាន​ចំនួន​តិចជាង ​៥០% នៃថាមពល​​ប្រើប្រាស់​សរុប។ នេះជាការបំបែក​កំណត់ត្រា ជាលើក​ទី១​សម្រាប់​​អូស្ត្រាលី និងជា​ដំណឹង​ល្អ​​ចំពោះ​មហិច្ឆតា ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ។ ទន្ទឹម​នឹង​នេះ ការ​ផលិត​អគ្គិសនី ​​ចេញពីថាមពលកកើត​ឡើងវិញ បាន​ហក់ឡើង​គួរឲ្យ​កត់​សម្គាល់​។​ ​​

ថ្មីៗនេះ​នៅអូស្ត្រាលី ការ​ផលិត​ថាមពល​អគ្គិសនី ចម្រាញ់​ចេញពី​ចំហេះធ្យូងថ្ម បានធ្លាក់​ចុះ​បន្តិច។ ទិ​ន្នន័យ​ចុងក្រោយ​ បញ្ជាក់ថា ការចម្រាញ់​ថាមពល​ធ្យូងថ្ម បាន​ធ្លាក់​ចុះ​ក្រោម​៥០% ជា​លើកដំបូងបំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​អូស្ត្រាលី។​ ក្នុង​ចំណោម​ថាមពលសរុប​របស់​អូស្ត្រាលី នៅសប្តាហ៍​ចុង​ក្រោយ​ នៃខែ​សីហា​,​ ចំហេះ​ធ្យូងថ្ម ផលិត​បានថាមពលអគ្គិសនី​ ​ចំនួន ៤៩,១%។ ​

ចំណែក​ថាម​ពល​កកើត​ឡើង​វិញ បាន​ផលិត​ថាមពល​អគ្គិសនី ​រហូត​ដល់​ ៤៨,៧%។​ នៅ​ប៉ែកអាគ្នេយ៍​នៃផ្ទៃប្រទេស កម្លាំង​ខ្យល់​បក់​ខ្លាំង​ ១៥០គីឡូម៉ែត្រ​ក្នុង​១ម៉ោង កាលពីពេលថ្មីៗ ​ជួយ​ជំរុញ​ឲ្យ​​កង្វាល់ផលិត​អគ្គិសនី​ពីខ្យល់ អាច​​ផលិត​ថាម​ពល​អគ្គិសនី​ ​បាន​ច្រើន​ទ្វេដង​។​ នេះ​បើ​តាម​​ប្រព័ន្ធតាម​ដាន​ទីផ្សារ​ថាមពល​អគ្គិសនី​ Open-NEM  ដែល​ចេញ​ផ្សាយ​​របាយការណ៍ នៅថ្ងៃពុធ ទី​៤កញ្ញា ដោយ​​ផ្ទៀងផ្ទាត់​ទិន្នន័យ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​អូស្ត្រាលី។​

អូស្ត្រាលី ដែល​ជាប្រទេសផលិត​អគ្គិសនី ​និង​ឧស្ម័ន​​សម្រាប់​​នាំចេញដ៏​សំខាន់​ចម្បងធំ១ ហើយ​ប្រទេស​​នេះ ​ពឹង​ផ្អែក​ច្រើននៅឡើយ​ទៅលើធ្យូង​ថ្ម សម្រាប់​ផលិត​អគ្គិសនី។​ ចំហេះ​ធ្យូងថ្ម​​​បញ្ចេញ​ផ្សែង​ពុល​ច្រើន​ខ្លាំងនោះ និង​បំពុល​បរិយាកាស​ ហើយ​ជា​ប្រភព​ដើមចម​​ចម្បង​បំផុត​នៃការ​ប្រែប្រួល​អាកាស​ធាតុ កម្តៅ​ផែនដី​។ ​ថាមពល​អគ្គិសនី​ ស្ទើរតែ​១ភាគ​៣ នៃ​តម្រូវ​ការថាមពល​ក្នុង​ពិភពលោកយើង​នេះ ផលិតចេញពី​​ធ្យូងថ្ម​។​ នេះបើតាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ ដែល​បញ្ជាក់​បន្ថែមថា ចំហេះធ្យូងថ្ម ចូលរួម​ផ្ទាល់ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ កំណើន​កម្តៅផែនដី​ ដែល​ឈាន​ដល់​កំណត់​ត្រាក្តៅខ្លាំង នៅឆ្នាំ២០២២។​

កាលពីចន្លោះ​ឆ្នាំ​២០២២-២៣នោះ ចំហេះ​ធ្យូងថ្មនៅអូស្ត្រាលី​ ផលិត​ថាមពល​អគ្គិសនី ជាង​៩០% សម្រាប់​​ប្រើប្រាស់។ ក្នុងនោះប្រើប្រាស់​សម្រាប់វិស័យ​ឧស្សាហកម្ម​ និង​វិស័យ​ដឹកជញ្ជូន។​ ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ ធ្លាប់​បាន​បញ្ជាក់ថា ប្រសិន​បើ​ពិភពលោក​យើង​ ចង់​កាត់បន្ថយ​កម្តៅ​ផែន​ដី និង​ធ្វើ​អព្យាក្រឹត​កាបូន ពីពេល​​នេះ​ទៅឆ្នាំ​២០៥០មែននោះ ​គេ​ត្រូវ​តែ​បិទ​​មជ្ឈមណ្ឌល​រោងចក្រចម្រាញ់​ធ្យូង​ថ្ម ចោលទាំង​អស់ ពីពេល​នេះ​ទៅឆ្នាំ២០៤០។

ដើម្បី​ចូលរួម​ចំណែក​កម្មវត្ថុ​បុព្វហេតុ​អាកាសធាតុ​ភព​ផែនដី ថ្នាក់ដឹកនាំ​អូស្ត្រាលីធ្លាប់បាន​សន្យា​ថា​នឹង​បិទទ្វារ​​រោងចក្រ​ថាម​ពល​​ធ្យូងថ្ម ចំនួន ១៦ មជ្ឈមណ្ឌល។ ក៏ប៉ុន្តែ ​ប៉ុន្មាន​ខែ​មុននេះ អូស្ត្រាលី​បានពន្យារពេល​បន្តិច​ទៅវិញ ព្រោះ​តម្រូវការ​ថាមពល​បន្ទាន់​នៅ​មាន​ច្រើន​នៅឡើយ។​

ទោះម្តេចក្តី​ ចាប់ពី​អំណឺះតទៅ អូស្ត្រាលី​ក៏ខំប្រឹង​​​ងាកទៅ​វិនិយោគទុន​​វិស័យ​ថាមពល​កកើត​ឡើងវិញ។ ​ក្នុង​ថ្ងៃពុធ​នេះ រដ្ឋបាល​ទីក្រុង​កង់បេរ៉ា ក៏បង្ហើបឲ្យដឹង​ដែរថា គ្រាន់តែ​គម្រោង​៦របស់ខ្លួន​ ក្នុង​​វិស័យ​​ថាមពល​កកើត​ឡើងវិញ អាច​ផលិត​ថាមពល​អគ្គិសនី ចំនួន១ពាន់​មេហ្កាវ៉ាត ពេល​នេះ​ដល់​ឆ្នាំ២០២៧។​ ​ទន្ទឹម​នឹងគ្នា​នេះ រដ្ឋមន្ត្រីថាមពល​អូស្ត្រាលី Chris Bowen ​បាន​ទាញ​ចំណាប់​អារម្មណ៍​ឲ្យ​គិតគូរពី​អាកាសធាតុ​និង​តម្រូវ​ការសេដ្ឋកិច្ច ដែលចាំបាច់​ត្រូវ​រក​ដំណោះស្រាយ​ឲ្យ​សមស្រប​។ ដំណោះស្រាយ​សមស្រប​សម្រាប់​អូស្ត្រាលី គឺជ្រើសរើស​ថាមពលកកើតឡើងវិញ។ កម្រិត​វិនិយោគទុន​ក្នុង​វិស័យ​នេះ ក៏​​កំពុងតែ​មាន​ច្រើន ​ជា​លំដាប់​​​៕