Alynana Media Cambodia
Icon Collap
clinic narit

តើឥណទានមិនដំណើរការអាចប៉ះពាល់ដល់គុណភាពវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុដែរ ឬទេ?

Media LNN | Sep 07, 2024
តើឥណទានមិនដំណើរការអាចប៉ះពាល់ដល់គុណភាពវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុដែរ ឬទេ?
Clinic narith

អនុបាតឥណទានមិនដំណើរការនៅក្នុងឆមាសទី១ឆ្នាំនេះ មាននិន្នាការកើនឡើង ក្នុងនោះវិស័យធនាគារ បានកើនដល់ប្រមាណ៦,៨% ហើយវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងប្រមាណ៨,៣%។ តើឥណទានមិនដំណើរការអាចប៉ះពាល់ដល់កម្រិតគុណភាពវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុដែរឬទេ?

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ឥណទានមិនដំណើរក្នុងវិស័យធនាគារទាំងមូលមានការកើនឡើងដល់៦,៨% នៅឆមាសទី១ឆ្នាំនេះ ក្នុងនោះឥណទានមិនដំណើរការរបស់ធនាគារ អេស៊ីលីដា មានក្នុងរង្វង់៥,៧%។ តួលេខឥណទានមិនដំណើរការនេះប្រហាក់ប្រហែលនឹងតួលេខកាលពីឆ្នាំ២០២៣ តែខ្ពស់ជាងឆ្នាំ២០២២ ដែលមានក្រោម៣%។ តែយ៉ាងណាលោកអះអាងថា កម្រិតនៃគុណភាពឥណទាន និងទ្រព្យសកម្មរបស់ធនាគារ អេស៊ីលីដា នៅតែមានភាពល្អប្រសើរឡើងវិញ ហើយរំពឹងថា បន្តល្អប្រសើរបន្ថែមទៀតនៅឆ្នាំនេះ និងនៅឆ្នាំ២០២៥ ខាងមុខ។ បើតាមប្រធាននាយកប្រតិបត្តិរូបនេះ ប្រសិនបើគុណភាពឥណទាន ឬទ្រព្យសកម្មរបស់ធនាគារមានការធ្លាក់ចុះនោះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញ។

​ដោយឡែកលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា ទោះបីឥណទានមិនដំណើរការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានការកើនឡើងក៏ដោយ តែតម្រូវការឥណទានហាក់មានការថយចុះ។ ការណ៍នេះ បានធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសាច់ប្រាក់បម្រុងច្រើនជាងមុន ហើយការដាក់ប្រាក់បញ្ញើក៏មានការកើនឡើងទៀតនោះ បានធ្វើអ្នកជំនាញរូបនេះវាយតម្លៃថា វិស័យហិរញ្ញវត្ថុនៅតែមានស្ថិរភាពរឹងមាំ។

​នាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានគូសបញ្ជាក់ថា កំណើនឥណទាននៅកម្ពុជា មានការធ្លាក់ចុះជាបន្តបន្ទាប់ តួយ៉ាងនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ គឺបានថមថយមកនៅត្រឹមអត្រា២,៦% ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ ការថមថយកំណើនឥណទាននេះ គឺបណ្ដាលមកពីការបង្កើនភាពប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ដូចជាស្របពេលដែលមានការងើបឡើងយឺតនៃវិស័យមួយចំនួនផងដែរ។

យ៉ាងណាមិញបើតាមការអះអាងរបស់ថ្នាក់ដឹកនាំធនាគារជាតិ រូបនេះ អនុបាតឥណទានមិនដំណើរការនៅក្នុងឆមាសទី១ ឆ្នាំនេះ គឺមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ពោលគឺសម្រាប់វិស័យធនាគារបានកើនឡើងដល់ប្រមាណ៦,៨% ខណៈវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងប្រមាណ៨,៣%៕