Alynana Media Cambodia
Icon Collap
clinic narit

បណ្ដាធនាគាររុស្ស៊ី កំពុងជួបអាសន្នអស់ប្រាក់យន់ ខណៈបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុចិន ដកខ្លួនចេញពីប្រទេសនេះ

Media LNN | Sep 09, 2024
បណ្ដាធនាគាររុស្ស៊ី កំពុងជួបអាសន្នអស់ប្រាក់យន់ ខណៈបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុចិន ដកខ្លួនចេញពីប្រទេសនេះ
Clinic narith

បណ្ដាធនាគារនៅប្រទេសរុស្ស៊ី នៅពេលនេះ កំពុងជួបអាសន្នអស់ប្រាក់យន់ របស់ចិន ហើយកត្តាដ៏ចម្បងដែលធ្វើឱ្យធនាគារទាំងនោះអស់ប្រាក់យន់ គឺដោយសារតែបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុចិន បានដកខ្លួនចេញមិនហ៊ានរកស៊ីជាមួយប្រទេសរុស្ស៊ី តទៅទៀត ព្រោះខ្លាចទទួលរងទណ្ឌកម្មពីលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។

បណ្ដាធនាគារក្នុងប្រទេសរុស្ស៊ី បានជំរុញឱ្យធនាគារកណ្ដាលរុស្ស៊ី ដោះស្រាយបញ្ហាកង្វះសាច់ប្រាក់យន់ធ្ងន់ធ្ងរនៅក្នុងប្រទេស។ រូបិយប័ណ្ណ រ៊ូប៊ល (Ruble) របស់រុស្ស៊ី បានធ្លាក់ថ្លៃជិត៥% បើធៀបនឹងប្រាក់យន់របស់ចិន កាលពីដើមសប្តាហ៍កន្លងទៅ។ ការធ្លាក់ថ្លៃនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានព្រលយពាក្យថា ធនាគារកណ្តាលរុស្ស៊ី នឹងកាត់បន្ថយការលក់ប្រាក់យន់របស់ចិន ប្រចាំថ្ងៃរបស់ខ្លួនពីជាង៧ពាន់លានដុល្លារអាម៉េរិក មកនៅត្រឹម២០០លានដុល្លារអាម៉េរិក។

ធនាគាររដ្ឋដ៏ធំមួយរបស់រុស្ស៊ី អេសបឺប៊ែង (Sberbank) បាននិយាយថា ខ្លួនមិនអាចផ្តល់ប្រាក់កម្ចីជាប្រាក់យន់បានទៀតទេ ព្រោះខ្លួនលែងមានប្រាក់យន់ សម្រាប់ទូទាត់ពាណិជ្ជកម្មទៀតហើយ។ ទន្ទឹមនេះ ធនាគារធំបំផុតទី២ របស់រុស្ស៊ី VTB បានគូសបញ្ជាក់ថា ខ្លួនបានជំរុញឱ្យធនាគារកណ្តាលរុស្ស៊ី ដោះស្រាយបញ្ហាខ្វះសាច់ប្រាក់យន់ធ្ងន់ធ្ងរតាមរយៈការផ្គត់ផ្គង់ប្រាក់យន់បន្ថែមទៀត ហើយថា បណ្ដាអ្នកនាំចេញទៅកាន់ប្រទេសរុស្ស៊ី ក៏គួរតែលក់ប្រាក់យន់ទៅឱ្យប្រទេសរុស្ស៊ី ផងដែរ។

សូមបញ្ជាក់ថា បណ្ដាធនាគារចិន កាន់តែស្ទាក់ស្ទើរក្នុងការធ្វើពាណិជ្ជកម្មរូបិយប័ណ្ណនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាម៉េរិក បានគំរាមដាក់ទណ្ឌកម្មលើប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី ខណៈដែលរុស្ស៊ី កំពុងបន្តដុតបញ្ឆេះភ្លើងសង្រ្គាមឈ្លានពានអ៊ុយក្រែន ឱ្យឆេះកាន់តែសន្ធោសន្ធៅដែលមិនដឹងបញ្ចប់នៅពេលណា។

បញ្ហាលំបាកក្នុងការទូទាត់រវាងបណ្ដាក្រុមហ៊ុនរុស្ស៊ី និងធនាគារចិន បានកើនឡើងកាន់តែខ្លាំងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយធនាគារចិនស្ទើរតែទាំងអស់បានបង្ខំចិត្តឈប់ធ្វើប្រតិបត្តិការទូទាត់ជាមួយរុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយមួយរបស់រុស្ស៊ី បានរាយការណ៍ថា ធនាគារមួយចំនួនថែមទាំងបានវេរត្រលប់ទៅវិញទៀតផងនូវការទូទាត់ថ្លៃទំនិញដែលបានបញ្ជូនទៅដល់ប្រទេសរុស្ស៊ីរួចហើយ ដោយសារតែការភ័យខ្លាចទទួលរងទណ្ឌកម្ម។

ទន្ទឹមនេះ ការទូទាត់ពាណិជ្ជកម្មរបស់បណ្ដាក្រុមហ៊ុនរុស្ស៊ី ត្រូវបានរាំងស្ទះក្នុងទំហំច្រើនពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលភាគច្រើនដោយសារតែបញ្ហាការទូទាត់នៅតាមបណ្ដាធនាគារបរទេស។ នេះបើយោងតាមទិន្នន័យពីធនាគារកណ្តាលរុស្ស៊ី។ ការលំបាកក្នុងការទូទាត់ បានក្លាយជាបញ្ហាដ៏ធំមួយសម្រាប់សេដ្ឋកិច្ចរបស់រុស្ស៊ី ដែលកាន់តែឯកោខ្លាំងឡើងពីទីផ្សារពិភពលោក ហើយជាលទ្ធផល រុស្ស៊ី ត្រូវពឹងផ្អែកកាន់តែខ្លាំងលើប្រាក់យន់ បន្ទាប់ពីទទួលរងទណ្ឌកម្មរបស់លោកខាងលិច ក្នុងឆ្នាំ២០២២ ក្រោយពីរុស្ស៊ីបានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។

ធនាគារកណ្តាលរុស្ស៊ី និយាយថា ប្រាក់យន់ បានក្លាយជារូបិយប័ណ្ណប្តូរប្រាក់ដ៏ចម្បងរបស់ខ្លួននៅឆ្នាំនេះ ដែលមានចំណែកគ្របដណ្ដប់រហូតដល់ទៅជាងពាក់កណ្តាលនៃការជួញដូររូបិយប័ណ្ណទាំងអស់នៅក្នុងប្រទេសនេះ៕