Alynana Media Cambodia
Icon Collap
clinic narit

បញ្ហាខ្វះទឹកបានជំរុញឱ្យអ្នកចិញ្ចឹមត្រីមួយចំនួនបោះបង់ការចិញ្ចឹម និងទាញទម្លាក់ទិន្នផលត្រី

Media LNN | Sep 10, 2024
បញ្ហាខ្វះទឹកបានជំរុញឱ្យអ្នកចិញ្ចឹមត្រីមួយចំនួនបោះបង់ការចិញ្ចឹម និងទាញទម្លាក់ទិន្នផលត្រី
Clinic narith

មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករនៅកម្ពុជា បានអះអាងថា បញ្ហាអាកាសធាតុក្តៅរយៈពេលវែង និងមិនមានទឹកគ្រប់គ្រាន់បានជំរុញឱ្យកសិករជាច្រើន ដែលជាសមាជិករបស់សមាគម បានពន្យារពេលក្នុងការដាក់កូនត្រីចិញ្ចឹម និងខ្លះទៀតបានផ្អាកការចិញ្ចឹម និងបន្ថយបរិមាណត្រីក្នុងស្រះជាដើម។ កសិករចិញ្ចឹមត្រីនៅខេត្តបាត់ដំបង បានអះអាងថា បញ្ហាទឹកក្នុងស្រះរាក់ពេកបានធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះ និងត្រីរីកធំធាត់មិនសូវល្អ។

លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានវាយតម្លៃថា ការចិញ្ចឹមត្រីក្នុងស្រះរបស់សមាជិកសមាគមនៅឆ្នាំ២០២៤នេះ ហាក់មានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំមុន ក្រោយកសិករមួយចំនួនបានផ្អាកការចិញ្ចឹម និងមួយចំនួនកាត់បន្ថយបរិមាណក្នុងការចិញ្ចឹម។

ការធ្លាក់ចុះចំនួនអ្នកចិញ្ចឹមត្រីនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារបញ្ហាអាកាសធាតុក្តៅខ្លាំងមានរយៈពេលយូរនៅឆ្នាំនេះ បានធ្វើឱ្យកសិករមួយចំនួនរារែកចិត្តក្នុងការដាក់កូនត្រីចិញ្ចឹម ដោយសារទឹកនៅក្នុងស្រះមានបរិមាណមិនគ្រប់គ្រាន់។ ជាក់ស្តែង កសិករមួយចំនួនទើបតែចាប់ផ្តើមដាក់ត្រីចិញ្ចឹមឡើងវិញនៅអំឡុងខែកញ្ញា នេះប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនកសិករបានដាក់ត្រីចិញ្ចឹមតាំងពីអំឡុងខែមិថុនា ឯណោះ។ ទន្ទឹមនេះ បញ្ហាកង្វះពូជត្រីល្អនៅក្នុងស្រុកសម្រាប់ចិញ្ចឹម ក៏ជាបញ្ហាប្រឈមមួយរបស់កសិករ ដែលចិញ្ចឹមត្រីនាពេលបច្ចុប្បន្ននេះផងដែរ។

​ពាក់ព័ន្ធតម្លៃត្រីវិញ លោក ឡែមផូរ សុថាវរិទ្ធិ បានអះអាងថា ត្រីនៅឆ្នាំនេះអាចលក់ចេញបានតម្លៃខ្ពស់ជាងឆ្នាំមុន ដោយក្នុងនោះត្រីប្រា ដែលមានកសិករចិញ្ចឹមប្រមាណ៧០%​ អាចលក់បានក្នុងតម្លៃប្រមាណ៥,៥០០រៀល ក្នុងគីឡូក្រាម។

ជាមួយគ្នានេះ លោក ឌុច សុផាត អ្នកចិញ្ចឹមត្រីនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអះអាងថា ទទួលស្គាល់ត្រីនៅឆ្នាំនេះពិតជាលក់បានក្នុងតម្លៃខ្ពស់ជាងឆ្នាំមុនប្រាកដមែន ប៉ុន្តែតម្លៃចំណើត្រីក៏បានកើនឡើងខ្ពស់ដូចគ្នាដែរ។ អ្នកចិញ្ចឹមត្រីរូបនេះ បានត្អូញត្អែរថា ដោយសារបញ្ហាខ្វះទឹកក្នុងស្រះ បានជំរុញឱ្យទិន្នផលត្រីដែលទទួលបាននៅអំឡុងខែមិថុនា កន្លងទៅមានការធ្លាក់ចុះ និងមិនសូវមានទំហំធំ ដែលនាំឱ្យការទទួលផលត្រីរបស់លោកមានការខាត់បង់មួយចំនួន។ បញ្ហានេះបានជំរុញឱ្យលោក ឌុច សុផាត កាត់បន្ថយការបរិមាណត្រី ដែលទើបដាក់ចិញ្ចឹមនៅខែកញ្ញា នេះប្រមាណ៣០% បើធៀបនឹងឆ្នាំមុន។

​គួរបញ្ជាក់ថា បច្ចុប្បន្នសមាគមវារីវប្បករនៅកម្ពុជា មានសមាជិកដែលជាអ្នកចិញ្ចឹមត្រីប្រមាណជាង ៦០០កសិដ្ឋាន ដែលភាគច្រើនមាននៅខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, តាកែវ,សៀមរាប, ពោធិ៍សាត់, និងបាត់ដំបងជាដើម។ យ៉ាងណាមិញ បើតាមរបាយការណ៍របស់រដ្ឋបាលជលផល កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបជាង៣១ម៉ឺនតោន នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ៕