រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ បានដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើន ដល់វិស័យកសិកម្មរួមមាន ការព្យូរទុក ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ការលើកលែងអាករលើតម្លៃបន្ថែម និងអាករលើតម្លៃពិសេសបន្ថែមជាដើម ដើម្បីលើកកម្ពស់ វិស័យកសិកម្ម ជាពិសេសស្រូវអង្ករឱ្យមានការប្រកួតប្រជែងលើទីផ្សារ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងនៅក្នុងពិធីបិទ វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤នេះថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវ ភាពអនុគ្រោះជាច្រើនដូចជា ការលើកលែងពន្ធប្រចំាឆ្នាំ លើដីកសិកម្មរបស់កសិករ, ការលើកលែងពន្ធប្រចាំឆ្នាំលើដីសម្បទានសេដ្ឋកិច្ច ពាក់ព័ន្ធកសិកម្ម, សហគ្រាសកសិកម្មដែលសុំការអនុគ្រោះតាមរយៈគម្រោងមានលក្ខណៈគ្រប់គ្រាន់, អាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ លើការនាំចូលនិងការផ្គត់ផ្គង់ទំនិញដូចជា៖ ជី ពូជដំណាំ ចំណីសត្វ និងការលើកលែងអាករផលិតផលកសិកម្មមិនទាន់កែច្នៃ ហើយរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ក៏បន្តការដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យ កសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរ។
សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា ក្រៅពីគោលការណ៍ខាងលើ រាជរដ្ឋាភិបាលក៏បានសម្រួលនៅក្នុងការបញ្ចុះថ្លៃអគ្គិសនី លើវិស័យកសិកម្មផ្សេងៗ ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមនៃការប្រកួតប្រជែង ហើយសម្តេចកំពុងពិនិត្យមើលលទ្ធភាពដើម្បីជួយផ្សេងៗទៀត។
ជុំវិញវិស័យស្រូវអង្ករនេះ, ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសេនាធិការដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការអភិវឌ្ឍពូជស្រូវ និងបច្ចេកទេស ដាំដុះ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងការកិនកែច្នៃ, ក្រសួងពាណិជ្ជកម្ម លើការធ្វើពិពិធកម្មទីផ្សារ និងការផ្សព្វផ្សាយ លើឆាកអន្តរជាតិ, ព្រមទាំងមានការចូលរួមពីក្រសួងស្ថាប័ននានា រួមទាំងដៃគូអភិវឌ្ឍន៍របស់ បណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិ នៃអង្គការសហប្រជាជាតិ បានជួយលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាគឺបានពង្រីកគោលដៅ ទីផ្សារនាំចេញដែលមានការកើនពីចំនួន ៣៥ គោលដៅនៅឆ្នាំ ២០១០ រហូតដល់ ១២១ គោលដៅត្រឹមឆ្នាំ ២០២៣ បានកំពុងធ្វើឱ្យ អង្ករកម្ពុជាទទួលស្គាល់ពេញពិភពលោក, ជាក់ស្តែងនៅក្នុងរយៈពេល ៨ខែឆ្នាំ២០២៤នេះ អង្ករកម្ពុជាបាននាំចេញ មានចំនួន ១១២ ពាន់តោន និងស្រូវ មានចំនួន ៣,៣ លានតោន៕