កាបញ្ជាទិញ និងការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបរបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ។ អឺរ៉ុបនៅតែជាទីផ្សារធំជាងគេក្នុងការស្រូបយកផលិតផលកាត់ដេរពីកម្ពុជា ដែលឈរពីក្រោយអង់គ្លេស ជប៉ុន សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
ជុំវិញការកើនឡើងការបញ្ជា និងនាំចេញផលិតផលកាត់ដេរនេះ ត្រូវបានតំណាងសហជីពកម្មករវាយតម្លៃថា គឺដោយសារប្រទេស ដែលជាគូប្រជែងរបស់កម្ពុជា ដូចជាមីយ៉ាន់ម៉ា និងស្រីលង្កា ជួបបញ្ហាអសន្តិសុខ ដែលធ្វើឱ្យរំខានដល់ខ្សែច្រវាក់ផលិតកម្ម គួបផ្សំខ្សែច្រវាក់ផលិតកម្មក្នុងវិស័យនេះនៅកម្ពុជា បន្តដំណើរការជាធម្មតា ទោះបីមានការគំរាមកំហែងពីវិបត្តិមួយចំនួនក៏ដោយ។
នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះការនាំចេញ និងការបញ្ជាទិញផលិតកាត់ដេររបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជា ពីទីផ្សារអន្តរជាតិ មានការកើនឡើងជិត១៧% នៅឆមាសទី១ឆ្នាំនេះ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះការបញ្ជាទិញសម្លៀកបំពាក់កើនឡើង១៩% ស្បែកជើងជិត១១% កាបូប និងផលិតផលធ្វើដំណើរកើនឡើងជិត១៣%។ អឺរ៉ុបជាទីផ្សារ ដែលបានបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជាធំជាងគេមានរហូតដល់ជាង២០% បន្ទាប់មកទីផ្សារអង់គ្លេស មានជាង១៩% ជប៉ុនជិត១៧% អាស៊ានជាង១៦% អាម៉េរិក១៥% និងប្រទេសចិន ជិត១៤%។
លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា កត់សម្គាល់ឃើញថា សកម្មភាពខ្សែច្រវាក់ផលិតកម្មនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ បានដំណើរការធម្មតា តែការនាំចេញផលិតផលនេះហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ បើតាមមន្រ្តីសហជីពរូបនេះ វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស បានធ្វើឱ្យអ្នកវិនិយោគងាកមកបញ្ជាទិញផលិតផលនៅបណ្ដាប្រទេសមួយចំនួននៅអាស៊ីរួមទាំងកម្ពុជាផងដែរ ព្រោះពួកគេបារម្ភពីស្ថិរភាពនយោបាយនៅក្នុងប្រទេសទាំងនោះដែលកំពុងជួបវិបត្តិផ្ទៃក្នុង។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញផលិតផលកាត់ដេរនៅរយៈពេល៨ខែ ឆ្នាំ២០២៤នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះការនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់សម្រេចបានជាង៤ពាន់៣រយលានដុល្លារ មានការកើនឡើងជាង២០% ខណៈការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំផ្សេងទៀតមានទំហំទឹកប្រាក់ជាង២ពាន់១រយលានដុល្លារ មានការកើនឡើងជាង៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕