Alynana Media Cambodia
Icon Collap
clinic narit

ប្រធានាធិបតីចិន ជំរុញឱ្យមន្ត្រីថ្នាក់ក្រោមខិតខំប្រឹងប្រែងសម្រេចគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ

Media LNN | Sep 13, 2024
ប្រធានាធិបតីចិន ជំរុញឱ្យមន្ត្រីថ្នាក់ក្រោមខិតខំប្រឹងប្រែងសម្រេចគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ
Clinic narith

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីងភីង បានអំពាវនាវដល់មន្ត្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ឱ្យប្រឹងប្រែងសម្រេចឱ្យបានគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសចិន ខណៈដែលក្រុមសេដ្ឋវិទូបានបង្ហាញមន្ទិលសង្ស័យលើសន្ទុះសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា បើយោងតាមទស្សន៍រដ្ឋចិន Central Television លោកប្រធានាធីបតីបានជំរុញឱ្យរដ្ឋាភិបាលកណ្តាល និងថ្នាក់មូលដ្ឋានអនុវត្តគោលនយោបាយសេដ្ឋកិច្ចឱ្យបានត្រឹមត្រូវសម្រាប់ត្រីមាសទី៣ និងទី៤ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំរបស់ខ្លួន។

ការអត្ថាធិប្បាយរបស់មេដឹកនាំចិនរូបនេះបានធ្វើឡើងបន្ទាប់ពីសេដ្ឋវិទូកាន់តែច្រើនមកពីក្រុមហ៊ុនធំៗក្នុងតំបន់ហិរញ្ញវត្ថុ Wall Street របស់អាមេរិករួមទាំងក្រុមហ៊ុន UBS Group AG និងក្រុមហ៊ុន JPMorgan Chase & Co. ផងដែរនោះបានចាប់ផ្តើមព្យាករថា ប្រទេសចិនអាចនឹងខកខានសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនដែលមានប្រហែល ៥% នៅឆ្នាំនេះ ពោលគឺជាគោលដៅដែលពួកគេនិយាយថានឹងត្រូវការបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីផ្សេងទៀតប្រសិនបើចង់សម្រេចបាន។

សេដ្ឋកិច្ចចិនដែលមានទំហំ ១៧ពាន់ពាន់លានដុល្លារ កំពុងជួបបញ្ហាជាមួយនឹងការធ្លាក់ចុះវិស័យអចលនទ្រព្យដែលអូសបន្លាយពេលដែលបានដាក់ពន្ទុកលើអ្នកប្រើប្រាស់និងក្រុមហ៊ុនអាជីវកម្ម។ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ រួមទាំងការកាត់បន្ថយអត្រាការប្រាក់ផងដែរនោះដើម្បីបង្កើនសន្ទុះមិនទាន់មានការផ្លាស់ប្តូរនៅឡើយទេ ពោលគឺមានន័យថា សេដ្ឋកិច្ចនៅតែបន្តពឹងផ្អែកលើការផលិត និងការនាំចេញដើម្បីរក្សាគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕