(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីសោមនស្សរីករាយ ដោយបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្ដាល, អគារចំណត និងរោងជាង, និងអគារវជ្ជសាស្តស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត។ ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់រាជរដ្ឋាភិបាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារទាំង៣ ដែលបើកការដ្ឋានសាងសង់ព្រឹកនេះ នឹងត្រូវបំពាក់ដោយសម្ភារៈ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងនឹងដាក់ឱ្យ ប្រើប្រាស់ជាអគារពហុមុខងារពិសេស, មុខងារមានឯកទេសខ្ពស់ ដូចជា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក និង ជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃខាងមុខនឹងមានការវិនិយោគអគារសម្រាប់ចតរថយន្តកាន់តែច្រើននៅភ្នំពេញ ព្រោះរថយន្តកាន់តែកើន ប៉ុន្តែផ្ទៃមិនរីកនោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ, ការបណ្ដុះបណ្តាល ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេសសុខាភិបាល ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្តនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាពជូនប្រជាជននៅតាមមូលដ្ឋាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាន ពង្រីកបន្ថែមនូវការគ្របដណ្ដប់នៃកម្មវិធីមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងគ្រោះ និង ក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (បសស) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក បសស និង ប្រជាជនស្វ័យនិយោជន៍ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត,ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងទៀត ជូនដល់ប្រជាជនគោលដៅ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីតិកាលមុនៗ ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ជាអាទិភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខភាពល្អរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាព ក្នុងការស្រូបយកចំណេះដឹង និងជំនាញ ដែលសុទ្ធសឹងជា កត្តាមិនអាចខ្វះបានដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ភាពធន់ និងបរិយាប័ន្ន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការចាំបាច់ដែលមានប្រសិទ្ធភាព និង បានវិភាគថវិកាយ៉ាងច្រើនជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនគ្រប់រូបឱ្យកាន់តែប្រសើរជាលំដាប់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ, ស្មើនឹងសមាជិកសរុប ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីករបបថែទាំសុខភាពបេឡាជាតិរបបសន្តិសុខសង្គម ទាំងសម្រាប់កម្មករ-និយោជិត និង មន្ត្រីសាធារណៈ ដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកប្រមាណ ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះ ៣ ក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន, ដោយផ្តោតជាចម្បងលើ ១). ពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក ២). អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និង ហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និង គ្រោះអាសន្ន សុខភាព, ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន; និង ៣). កសាងភាពជាដៃគូរឹងមាំ រវាងវិស័យ សុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូបទទួល បានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែលម្អគុណ ភាពសេវាសុខាភិបាលត្រូវធ្វើជាប្រចាំជាប់មិនដាច់សំដៅលើកកម្ពស់ គុណភាពសេវាថែទាំសុខភាព និង សេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ និង បង្កើនជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាព នៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល ដែលកំពុងអនុវត្តនៅពេលបច្ចុប្បន្ន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីក និងពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមទីជនបទដាច់ស្រយាល គឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ហើយអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនើបកម្មបរិក្ខារវេជ្ជសាស្ត្រជារឿងល្អ តែការពង្រឹងគុណភាពធនធានមនុស្ស លើវិស័យសុខាភិបាលនៅតែជាកិច្ចការចាំបាច់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លក្ខខណ្ឌក្នុងការជ្រើសរើសពេទ្យមិនអាចទម្លាក់ស្តង់ដារបាននោះឡើយ ត្រូវតែពង្រឹងស្តង់ដារខ្ពស់ ដើម្បីបានគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និស្សិតពេទ្យនីមួយៗចេញមកត្រូវតែច្បាស់លាស់ សុខចិត្តបានតិច តែមានគុណភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រឹះស្ថានអប់រំផ្នែកសុខាភិបាល ត្រូវតែពង្រឹងគុណភាពអប់រំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពេទ្យច្រើនណាស់ បានជួយប្រជាពលរដ្ឋ តែក៏មានគ្រូពេទ្យតិចតួចធ្វើឱ្យប៉ះពាល់ ដល់គ្រូពេទ្យទូទាំងប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពគ្រូពេទ្យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពេទ្យទាំងអស់ត្រូវដាក់អភិក្រមខ្លួនឯងថា «រៀនពេទ្យ ដើម្បីជួយមនុស្ស» ដូច្នេះត្រូវដាក់ទិសដៅពង្រឹងសមត្ថភាពរបស់ខ្លួន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បង្កើនសន្ទុះការធ្វើបរិវត្តកម្ម ឌីជីថលក្នុងវិស័យសុខាភិបាល, ជាពិសេសជំរុញការបណ្ដុះបណ្តាលឱ្យវេជ្ជបណ្ឌិត, គ្រូពេទ្យ, គិលានុបដ្ឋាក និងបុគ្គលិកថែទាំវេជ្ជសាស្ត្រ ចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលបានទូលំទូលាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទិន្នន័យសុខភាពអ្នកជំងឺសំដៅជំរុញប្រសិទ្ធភាពនៃការព្យាបាល និងតាមដានសុខភាព ព្រមទាំងការផ្តល់សេវាសុខាភិបាលមានគុណភាពខ្ពស់ និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាលច្បាស់លាស់ ជូនប្រជាជន ដើម្បីបញ្ចៀសឱ្យបាននូវកំហុសវេជ្ជសាស្ដ្រណាមួយ (Medical Errors)។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងសមត្ថភាពពេទ្យតំបន់ គឺជាការងារត្រូវយកចិត្តទុកដាក់ កុំឱ្យអ្នកជំងឺមកកកនៅរាជធានីភ្នំពេញ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការទាំងឡាយមិនអាចធ្វើមួយថ្ងៃសម្រេចគោលដៅនោះឡើយ សុខាភិបាលកម្ពុជា មិនទាន់ទំនើបដូចគេ ប៉ុន្តែបានវិវឌ្ឍន៍ច្រើនហើយមកដល់ពេលបច្ចុប្បន្ន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើទំនើបកម្ម និងបរិវត្តកម្ម, ការផ្តល់សេវាថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត គឺជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា ដើម្បីឈានទៅដល់កម្រិតមួយដែលការអនុវត្តក្នុងផ្នែកវេជ្ជសាស្ត្រ មានភាពជាក់លាក់ អាចឆ្លើយតបទៅនឹង លក្ខខណ្ឌជំងឺរបស់បុគ្គលម្នាក់ៗ (Precision Medicine and Personalized Medicine)។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ក្រសួងសុខាភិបាល ត្រូវយកការធ្វើទំនើបកម្ម និង បរិវត្តកម្មនេះ ធ្វើជាឧត្តមានុវត្តន៍សម្រាប់ការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព, នៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យខេត្តមួយចំនួនទៀត ព្រមទាំងមន្ទីរពេទ្យតំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខនេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបង្កើនសកម្មភាពផ្ដល់ការអប់រំ, ការបង្ការ និងការថែទាំសុខភាព ដល់ប្រជាជន, គ្រួសារ និងសហគមន៍ សំដៅលើកកម្ពស់ការអនុវត្តរបៀបរស់នៅប្រកបដោយសុខភាព ក៏ដូចជា ការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការស្វែងរក និងការប្រើប្រាស់សេវាថែទាំសុខភាព រាល់ពេលមានបញ្ហាសុខភាព នៅមូលដ្ឋានសុខាភិបាលដែលនៅជិតលំនៅឋាន និង ពីអ្នកផ្តល់សេវា សុខាភិបាល ដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ និង មានសមត្ថភាពពិតប្រាកដ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋ ជាពិសេសការជំងឺទឹកនោមផ្អែម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ គ្រូពេទ្យ, បុគ្គលិកបច្ចេកទេស និង បុគ្គលិកសុខាភិបាល, ទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បី ទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ដែលអ្នកជំងឺ, គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គមត្រូវចំណាយខ្ពស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត, តាមរយៈឥរិយាបទប្រកបដោយក្រមសីលធម៌វិជ្ជ- ជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្ត អ្នកជំងឺ និង គ្រួសារអ្នកជំងឺឱ្យចូលរួមក្នុងការសម្រេចចិត្ត លើការព្យាបាល ព្រមទាំងការផ្តល់ចំណេះដឹង និង បទពិសោធអំពីការបង្ករបឋម, ការព្យាបាល, ការបង្ការ,ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និង ការថែទាំអ្នកជំងឺជាដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំពង្រឹងការអនុវត្តយន្តការតាមដាន និង កែលម្អគុណភាពសេវានៅមូលដ្ឋានសុខា- ភិបាលគ្រប់កម្រិត, រួមទាំងការតាមដាននិន្នាការពេញចិត្តចំពោះសេវាអ្នកជំងឺ ឬ អតិថិជន, រៀបចំ អនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ចូលទាំងសកម្មភាព គ្រប់គ្រងគ្លីនិក និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើន គុណភាពសេវាសុខាភិបាលល្អសម្រាប់ជាឧត្តមប្រយោជន៍ដល់អ្នកជំងឺ និង ប្រជាជន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យលើកកម្ពស់ភាពឆ្លើយតបរហ័ស និង គណនេយ្យភាព ក្នុងការផ្តល់សេវាថែទាំ សុខភាពប្រកប ដោយគុណភាពខ្ពស់ ដើម្បីរក្សាការជឿទុកចិត្តរបស់អ្នកជំងឺ, អតិថិជន និង សាធារណជន តាមរយៈការការអនុវត្តយន្តការទទួលព័ត៌មានត្រឡប់ មតិយោបល់អំពីសេវាសុខាភិបាល (Complaints) ដោយអ្នកជំងឺ ឬ អតិថិជន នៅមូលដ្ឋានសុខាភិបាល ហើយត្រូវដោះស្រាយឱ្យបានទាន់ពេល ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវស្មារតីវិជ្ជាជីវៈ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជូន ប្រជាជនគោលដៅ ក៏ដូចជាសាធារណជននូវកម្មវិធីគាំពារសុខភាពសង្គមឱ្យជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ត្រឹមត្រូវនូវសេវាថែទាំសុខភាព នៅក្រោមកម្មវិធីគាំពារសុខភាព សង្គមរបស់រាជរដ្ឋាភិបាល និង អំពីនីតិវិធីសម្រាប់ការទទួលបាននូវអត្ថប្រយោជន៍ទាំងនោះ, និង ត្រូវធានាថា អ្នកជំងឺគ្រប់រូប រួមទាំងប្រជាជនមានបណ្ណសមធម៌, បណ្ណសមាជិក បសស និង ក្រុមជនគោលដៅដទៃទៀត នៃកម្មវិធីគាំពារសុខភាពសង្គម អាចទទួលបានសេវាថែទាំ សុខភាព ដែលមានគុណភាព និង សុវត្ថិភាពតាមស្តង់ដាបច្ចេកទេស ដោយគ្មានភាពរើសអើង និង មិនគិតអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច ពណ៌សម្បុរ សាសនា ឬ និន្នាការនយោបាយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំជំរុញការអនុវត្តសកម្មភាពអន្តរ/ពហុវិស័យ ឬ ភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីបង្កើនបរិស្ថានគាំទ្រ សម្រាប់ផ្សារភ្ជាប់រវាងការថែទាំបឋមជាមួយសេវាជំនួយសង្គម; ការជួយប្រជាជនងាយរងគ្រោះ ឱ្យទទួលបានសេវាសុខភាព និង សេវាសង្គមកាន់តែប្រសើរ; ការប្រកាន់ ឥរិយាបថល្អដើម្បីសុខភាព; ការលើកស្ទួយការលូតលាស់របស់កុមារក្នុងដំណាក់ ដំបូងនៃជីវិត, ការបង្កឱកាសទទួលបានការសិក្សា, ការបង្ការអំពើហិង្សាក្នុងគ្រួសារ និង ការ- ប្រើប្រាស់គ្រឿងញៀន; ការលើកកម្ពស់ចំណីអាហារសុខភាព និង កន្លែងធ្វើការមានសុវត្ថិភាព; ការបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ការពង្រីកសួនច្បារ ឬ ទីកន្លែងសាធារណៈបៃតង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តប្រជាពលរដ្ឋ យកចិត្តទុកដាក់ការពារសុខភាព, បង្ការ និងទប់ស្កាត់ជំងឺនានា។ ក្នុងករណីមានជំងឺ ឬ បញ្ហាសុខភាព ត្រូវប្រញាប់ទៅកាន់មូលដ្ឋានសុខាភិបាលដែលជិតលំនៅឋាន ជាពិសេសមណ្ឌលសុខភាព ដើម្បីទទួលបាន ការពិនិត្យ និង ការព្យាបាលទាន់ពេល ឬ ទទួលបានការប្រឹក្សាយោបល់ ក្នុងការទទួលយកសវា សុខាភិបាលចាំបាច់ ឬ ការបញ្ជូនទៅកាន់មន្ទីរពេទ្យថ្នាក់ខ្ពស់បន្ទាប់។
* សម្តេចធិបតី ហ៊ុន សែន បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តជាង៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋលបាលរាជធានីភ្នំពេញ ត្រៀមរថយន្ត ៥៧គ្រឿង ដឹកប្រជាពលរដ្ឋទៅដើរលេងខេត្តភាគឦសានដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថា ៩៖១៨នាទី នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤៕