Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្ត៥៦គ្រឿង ដឹកពលរដ្ឋទៅដើរលេងខេត្តភាគឦសាន ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Media LNN | Sep 16, 2024
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្ត៥៦គ្រឿង ដឹកពលរដ្ឋទៅដើរលេងខេត្តភាគឦសាន ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តចំនួន៥៦គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅដើរលេងខេត្តភាគឦសាន ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​ បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំនេះ គាត់ [រដ្ឋបាលរាជធានីភ្នំពេញ] ត្រៀមឡាន៥៦គ្រឿង សម្រាប់រត់ទៅខេត្ដទិសឦសាន ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី ពេលបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ កុំឲ្យពិបាកចំណាយរថយន្ដ»។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ឲ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តជាង៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានឲ្យដឹងថា ការរៀបចំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤៕