ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វិស័យយានយន្តអគ្គិសនី ត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមជួយលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ព្រមទាំងជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល។
អ្នកជំនាញក្នុងវិស័យយានយន្ត កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា បច្ចុប្បន្នមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ តួយ៉ាងមានរថយន្តអគ្គិសនីជាង១៤០០គ្រឿង បានចុះបញ្ជីនៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ មានការកើនឡើងប្រមាណ៤ដង បើធៀបនឹងឆ្នាំមុន។
នាសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្តអគ្គិសនីជាវិស័យមួយក្នុងការចូលរួមចំណែកដល់ការជំរុញសន្ទុះ នៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល។ ជាមួយគ្នានេះ ក្រសួងសាធារណការ ក៏កំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាលបានកំណត់ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។
ជាក់ស្តែង តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ គឺស្របទៅនឹងនិន្នាការតំបន់ និងសកល នៃការវិវត្តយ៉ាងឆាប់រហ័សលើវិស័យយានយន្តអគ្គិសនី។ ទន្ទឹមនេះ ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា ទោះបីជាមានកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា យ៉ាងណាក៏ដោយ ក៏វិស័យយានយន្តអគ្គិសនីកម្ពុជាចាំបាច់ត្រូវទាមទារនូវការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀតផងដែរ។
លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា នាពេលបច្ចុប្បន្ន មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ហើយក្នុងនោះការប្រើប្រាស់រថយន្តអគ្គិសនី ក៏មានការកើនឡើងជាលំដាប់ផងដែរ។ តួយ៉ាងគិតក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ មានរថយន្តអគ្គិសនីចំនួនជាង១៤០០គ្រឿង ត្រូវបានចុះបញ្ជី មានការកើនឡើងប្រមាណ៤ដង បើធៀបនឹងឆ្នាំ២០២៣ ដែលមានជាង៣០០គ្រឿងប៉ុណ្ណោះ។
កត្តាដែលជំរុញឱ្យការប្រើប្រាស់រថយន្តអគ្គិសនីមានកំណើនយ៉ាងឆាប់រហ័សនេះ ក៏ដោយសារការប្រើប្រាស់រថយន្តអគ្គិសនី បានជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ធៀបជាមួយរថយន្តប្រើប្រេងឥន្ធនៈ និងបានចូលរួមដល់ការការពារបរិស្ថានផងដែរ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជានឹងទទួលបានការវិនិយោគពីក្រុមហ៊ុនធំៗលើការបើករោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីជាច្រើននៅពេលខាងមុខ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ សំដៅជួយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់យន្តយន្តអគ្គិសនី ក៏ដូចទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ និងបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបាន៧៧ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះ ការប្រើប្រាស់រថយន្តអគ្គិសនីមានចំនួន៣ម៉ឺនគ្រឿង។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនី បានចុះបញ្ជីសរុបចំនួនជាង៣៦០០គ្រឿង ដោយក្នុងនោះរថយន្តមានចំនួនជាង២១០០គ្រឿង, ត្រីចក្រយានយន្តចំនួន៤៤៥គ្រឿង និងទោចក្រយានយន្តចំនួនជាង១១០០គ្រឿង។ យ៉ាងណាមិញ ចំពោះទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន២១កន្លែង ដែលមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុបចំនួន២៧ទូ៕