Alynana Media Cambodia
Icon Collap
clinic narit

តើតម្រូវការប្រើប្រាស់សាច់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ អាចជួយជំរុញឱ្យតម្លៃសាច់សត្វរស់ហក់ឡើងដែរ ឬទេ?

Media LNN | Sep 20, 2024
តើតម្រូវការប្រើប្រាស់សាច់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ អាចជួយជំរុញឱ្យតម្លៃសាច់សត្វរស់ហក់ឡើងដែរ ឬទេ?
Clinic narith

ក្រោយរដូវបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ គេសង្កេតឃើញថា តម្រូវការបន្លែ ត្រី សាច់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដ្បិតវាជាតម្រូវការគ្រឿងផ្សំដែលមិនអាចខ្វះបានសម្រាប់យកទៅធ្វើជាម្ហូបអាហារសម្រាប់ប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាមនានា។ ជាធម្មតានៅរាល់ពេលដល់រដូវបុណ្យម្ដងៗ គឺមានមុខទំនិញខ្លះតែងឡើងថ្លៃ ប៉ុន្តែមុខទំនិញខ្លះក៏មិនមានការឡើងថ្លៃនោះដែរ។ តើកំណើនតម្រូវការប្រើប្រាស់សាច់នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អាចជួយជំរុញឱ្យតម្លៃសាច់សត្វរស់ហក់ឡើងដែរ ឬទេ?

លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងជាឈ្មួញកណ្ដាលមួយរូបនៅខេត្តត្បូងឃ្មុំ បានប្រាប់ថា មកទល់ពេលនេះតម្លៃគោរស់មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ ហើយក៏មិនសូវសម្បូរគោសម្រាប់ទិញលក់នោះដែរ។ បើតាមម្ចាស់កសិដ្ឋានរូបនេះ គោរស់នៅតែមានតម្លៃថោក ប៉ុន្តែងាយស្រួលលក់ជាងពេលមុន។

ឈ្មួញកណ្តាលរូបនេះអះអាងថា ការលក់គោពីកសិដ្ឋានរបស់លោក លុះត្រាតែមានតម្លៃចាប់ពី១ម៉ឺនរៀលឡើងទៅទើបលោកលក់ចេញ ខណៈលោកនឹងទិញចូលដោយឱ្យតម្លៃខ្ពស់ទៅតាមនឹងដែរ។ យ៉ាងណាក៏ដោយ លោករំពឹងថា តម្លៃគោរស់អាចនឹងឡើងថ្លៃខ្លះនៅក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ ដោយសារបច្ចុប្បន្នមិនសូវសម្បូរសត្វគោនោះទេ ប៉ុន្តែលោកស្នើដល់អ្នកពាក់ព័ន្ធឱ្យជួយទប់ស្កាត់ការនាំចូលគោរស់ពីប្រទេសជិតខាង ដើម្បីស្រោចស្រង់ទីផ្សារចិញ្ចឹមគោឡើងវិញ។

​ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា តម្លៃសត្វរស់នៅលើទីផ្សារក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ ជាក់ស្ដែងមកទល់ពេលនេះ ការលក់ជ្រូករស់ត្រូវបានសង្កេតឃើញថា មិនមានការកើនឡើងនោះដែរ បញ្ហានេះអាចដោយសារតែតម្រូវការផ្គត់ផ្គង់សាច់នៅលើទីផ្សារពុំមានការខ្វះខាត ជាហេតុធ្វើឱ្យជ្រូករស់ពុំមានការឡើងថ្លៃ។ តែយ៉ាងណា លោកលើកឡើងថា ការឡើងថ្លៃខ្លះអាចកើតមានតាមរយៈការលក់របស់អាជីវករមួយចំនួនដែលចង់ចំណេញច្រើននៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ បើតាមប្រធានសមាគមរូបនេះ តម្លៃជ្រូករស់នៅមុនរដូវភ្ជុំបិណ្ឌ ត្រូវបានលក់ចេញក្នុងតម្លៃចន្លោះពី៩ពាន់រៀលដល់១ម៉ឺនរៀលក្នុង១គីឡូ ខណៈមកទល់ពេលនេះ តម្លៃមិនមានការប្រែប្រួលនោះទេ។

​ពាក់ព័ន្ធនឹងវិស័យចិញ្ចឹមសត្វនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែបន្ថែមទៀត ក្រោយសង្កេតឃើញថា ផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជានៅតែបន្តរងការគំរាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំង​ស្រុងបើមិនចាត់វិធានការទេនោះ៕