វៀតណាម ដែលជាប្រទេសក្បែរខាងកម្ពុជា ដាក់គោលដៅបង្កើតរោងចក្រផលិត និងវេចខ្ចប់បន្ទះឈីបឱ្យបានជាង១០ នៅត្រឹមឆ្នាំ២០៣០។ ដើម្បីឈានទៅសម្រេចបានគោលដៅនេះ រដ្ឋាភិបាលវៀតណាមនឹងបង្កើតមូលនិធិ ដើម្បីជួយវិនិយោគិនបរទេសក្នុងការកាត់បន្ថយផលប៉ះពាល់ជុំវិញបញ្ហាពន្ធអាជីវកម្មអប្បបរមា សកល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
បន្ទាប់ពីចេញផ្សាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ឧស្សាហកម្មបន្ទះឈីបរបស់ខ្លួនកាលពីចុងសប្តាហ៍មុនរួចមក រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅទាញប្រាក់ចំណូលពីឧស្សាហកម្មបន្ទះឈីបឱ្យបាន២៥ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០៣០។
វៀតណាម ដែលជាទីតាំងដ៏មានសក្តានុពលមួយក្នុងការទាក់ទាញផលិតកម្មបន្ទះឈីប នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងព្យាយាមផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើកម្លាំងពលកម្មទៅជាប្រទេសពឹងផ្អែកខ្លាំងលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ហើយដើម្បីអាចឈានទៅសម្រេចបានគោលដៅនេះ វៀតណាមដាក់គោលដៅបណ្តុះបណ្តាលវិស្វករបន្ទះឈីប ឱ្យបាន៥ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣០។
បច្ចុប្បន្នក្រុមហ៊ុនបន្ទះឈីប និងគ្រឿងអេឡិចត្រូនិកសកលមួយចំនួន រួមមាន ក្រុមហ៊ុន Intel, Samsung, Amkor Technology, Qualcomm និងក្រុមហ៊ុន Marvell Technology កំពុងដំណើរការរោងចក្រស្រាប់នៅក្នុងប្រទេសនេះ។
ក្រៅពីគោលដៅឆ្នាំ២០៣០នេះ រដ្ឋាភិបាលវៀតណាម ក៏បានដាក់គោលដៅបង្កើតរោងចក្រផលិតសារធាតុបន្ទះឈីបយ៉ាងតិចចំនួន៣ និងរោងចក្រវេចខ្ចប់ចំនួន២០ ជាមួយប្រាក់ចំណូលប្រចាំឆ្នាំចំនួន១០០ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០៥០ ផងដែរ៕