ទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានអាម៉េរិក S&P Global Ratings ព្យាករថា ប្រាក់ចំណេញរបស់បណ្ដាធនាគារនៅក្នុងប្រទេសវៀតណាម ជាពិសេសធនាគារធំៗអាចនឹងធ្លាក់ចុះខ្លាំង បន្ទាប់ពីបានអនុវត្តវិធានការសម្រាលបន្ទុកបំណុលរបស់អ្នកខ្ចី ឬកូនបំណុលដែលរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងដ៏កំណាច Yagi កាលពីពេលថ្មីៗនេះ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
ធនាគារកណ្ដាលវៀតណាម (SBV) បានណែនាំឱ្យធនាគារនានាផ្តល់ការអនុគ្រោះបំណុលដល់ពលរដ្ឋវៀតណាម និងអាជីវកម្មនានាដែលរងគ្រោះដោយសារព្យុះទីហ្វុងដ៏កំណាច Yagi ដែលបានបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើមក្នុងខែកញ្ញា នេះ និងបណ្ដាលឱ្យមនុស្សស្លាប់ប្រមាណជិត៣០០នាក់ និងបាត់ខ្លួនជាច្រើននាក់ទៀត ជាពិសេសនៅតំបន់ភាគខាងជើង។
ជាការឆ្លើយតបទៅនឹងការណែនាំរបស់ធនាគារកណ្ដាលវៀតណាម ធនាគារនានានឹងបញ្ចុះអត្រាការប្រាក់ចន្លោះពី០,៥%រហូតដល់២%សម្រាប់អ្នកខ្ចីថ្មី និងអ្នកខ្ចីចាស់រហូតដល់ដំណាច់ឆ្នាំ២០២៤។ ទំហំនៃការផ្តល់ការអនុគ្រោះបំណុលនេះនឹងអាស្រ័យលើភាពធ្ងន់ធ្ងរនៃការខូចខាតជាក់ស្ដែងរបស់អ្នកខ្ចី។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានអាម៉េរិក S&P Global Ratings បង្ហាញថា វិធានការអនុគ្រោះបំណុលនេះធ្វើឡើងស្របពេលដែលបណ្ដាធនាគារនៅក្នុងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណេញស្រាប់ទៅហើយ។
គួររំឭកថា ទេសាភិបាលធនាគារកណ្ដាលវៀតណាម លោក ង្វៀន ធី ហុង (Nguyen Thi Hong) បានឱ្យដឹងថា រហូតមកទល់ពេលនេះ ធនាគារពាណិជ្ជធំៗចំនួន៣២ក្នុងចំណោម៤០នៅប្រទេសវៀតណាមបានចុះឈ្មោះដើម្បីផ្តល់ឥណទានអនុគ្រោះសរុបរហូតដល់ទៅជាង១៦ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងអត្រាការប្រាក់ទាបជាងធម្មតាដល់ទៅ២%ដើម្បីជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងដ៏កំណាច Yagi៕