ការគណនារបស់ Reuters បង្ហាញថា តម្លៃប្រេងឆៅ Urals របស់រុស្ស៊ីនៅកំពង់ផែនាំចេញនៅសមុទ្របាល់ទិក និងសមុទ្រខ្មៅក្នុងខែតុលាបានកើនឡើងដល់លើសពី ៦៥ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេង Urals របស់រុស្ស៊ីកើនឡើងតាមការវិវត្តរបស់ទីផ្សារនាពេលថ្មីៗនេះ។ តម្លៃប្រេងរុស្ស៊ីលក់ចេញ ៦៥ដុល្លារក្នុងមួយប៉ារ៉ែលបច្ចុប្បន្ន គឺខ្ពស់ជាងពិដាននាំចេញដែលលោកខាងលិចដាក់លើប្រេងរុស្ស៊ីត្រឹមតែ ៦០ដុល្លារ។
ជម្លោះនៅមជ្ឈិមបូព៌ា ដែលជាតំបន់ផលិតប្រេងដ៏សំខាន់របស់ពិភពលោក ធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់។ តម្លៃប្រេង Brent និង WTI នៅសប្តាហ៍នេះបានកើនឡើង ៨ភាគរយដែលជាតម្លៃខ្លាំងបំផុតក្នុងឆ្នាំនេះ។ បច្ចុប្បន្ននេះ មួយបារ៉ែល របស់ប្រេង Brent កំពុងជួញដូរនៅតម្លៃ ៧៨ដុល្លារ ខណៈប្រេង WTI មានតម្លៃ ៧៤,៣ ដុល្លារ។
ពាណិជ្ជករអះអាងថា ការបញ្ចុះតម្លៃច្រើនដើម្បីនាំចេញទៅកាន់ឥណ្ឌា និងការដំឡើងថ្លៃដឹកជញ្ជូនមួយចំនួន បាននាំឲ្យមានការកើនឡើងតម្លៃប្រេង Urals ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងតម្លៃប្រេងឆៅនឹងនៅតែជួយឱ្យរុស្ស៊ីទទួលបានប្រាក់ចំណូលកាន់តែច្រើនពីឥន្ធនៈហ្វូស៊ីល។
ការគណនា របស់ Reuters ដោយផ្អែកលើទិន្នន័យរបស់អ្នកជំនួញប្រេងបង្ហាញថា ចាប់តាំងពីដើមឆ្នាំនេះតម្លៃប្រេង Urals របស់រុស្ស៊ីភាគច្រើនគឺខ្ពស់ជាង ៦០ដុល្លារ។ នៅចុងខែសីហា តម្លៃក៏ឡើងដល់ ៦៥ដុល្លារក្នុងមួយប៉ារ៉ែល។
កាលពីចុងឆ្នាំ ២០២២ ប្រទេស G7 (អាម៉េរិក កាណាដា អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ជប៉ុន) រួមជាមួយសហភាពអឺរ៉ុប (EU) និងអូស្ត្រាលីបានព្រមព្រៀងគ្នាកំណត់តម្លៃលក់ប្រេងរុស្ស៊ីនៅត្រឹម ៦០ដុល្លារក្នុងមួយបារ៉ែល។ នេះគឺដើម្បីកាត់បន្ថយចំណូលរបស់រុស្ស៊ីពីការនាំចេញប្រេងតាមសមុទ្រ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសនេះ ដែលបង្កសង្គ្រាមនៅអ៊ុយក្រែន។ ក្រុមហ៊ុននៅក្នុងប្រទេសខាងលើមិនត្រូវបានអនុញ្ញាតឱ្យផ្តល់សេវាកម្មដឹកជញ្ជូន ធានារ៉ាប់រង ឬឈ្មួញកណ្តាលសម្រាប់ប្រេងរុស្ស៊ីទេ ប្រសិនបើតម្លៃទិញលើសពី ៦០ ដុល្លារ។
ឥណ្ឌា ដែលជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ីតាមសមុទ្រ មិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេគោរពតាមគោលនយោបាយដាក់ទណ្ឌកម្មអន្តរជាតិ រួមទាំងតម្លៃប្រេង។
តម្លៃប្រេង Urals ជារៀងរាល់ខែបានធ្លាក់ចុះក្រោម ៦០ដុល្លារ ដោយសារតម្លៃប្រេង Brent ធ្លាក់ថ្លៃ ។ យ៉ាងណាមិញ ក្រោយមកតម្លៃបានកើនឡើងម្តងទៀតនៅពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកើនឡើង។
កាលពីខែមុន Reuters បានដកស្រង់ឯកសារពីក្រសួងសេដ្ឋកិច្ចរុស្ស៊ីដោយលើកឡើងថា ទីភ្នាក់ងារនេះបានបង្កើនការព្យាកររបស់ខ្លួនសម្រាប់ប្រាក់ចំណូលពីការនាំចេញប្រេង និងឧស្ម័ននៅឆ្នាំនេះដល់ ២៥៧,១ពាន់លានដុល្លារ។ តួលេខនេះគឺខ្ពស់ជាង ១៧,៤ ពាន់លាន USD បើធៀបការប៉ាន់ប្រមាណពីមុន៕