Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនសាជីវកម្មធំមួយនៅប្រទេសថៃ ប្រមូលទិញប្រេងឆាដែលប្រើរួច សម្រាប់កែច្នៃធ្វើជាប្រេងសម្រាប់ចាក់យន្តហោះ

Media LNN | Oct 17, 2024
ក្រុមហ៊ុនសាជីវកម្មធំមួយនៅប្រទេសថៃ ប្រមូលទិញប្រេងឆាដែលប្រើរួច សម្រាប់កែច្នៃធ្វើជាប្រេងសម្រាប់ចាក់យន្តហោះ
Clinic narith

ក្រុមហ៊ុនថាមពល Bangchak ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រថៃ បានបង្ហាញពីគោលបំណងប្រមូលទិញប្រេងឆាចម្អិនអាហារ ដែលគេប្រើរួច ដើម្បីធ្វើជាវត្ថុធាតុដើម សម្រាប់ផលិតកម្មពាណិជ្ជកម្មរបស់ខ្លួន ដើម្បីកែច្នៃធ្វើជាប្រេងសម្រាប់យន្តហោះប្រកបដោយនិរន្តរភាព (SAF) នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។

ក្រុមហ៊ុន Bangchak តាមរយៈក្រុមហ៊ុន BSGF ជាបុត្រសម្ពន្ធរបស់ខ្លួនកាលពីពេលថ្មីៗបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុន New Biodiesel ដើម្បីប្រមូលទិញប្រេងឆា ដែលគេប្រើរួចហើយនៅតាមខេត្តស្ថិតនៅភាគខាងត្បូង ប្រទេសថៃ ដើម្បីកែច្នៃធ្វើជាប្រេងសម្រាប់យន្ដហោះ។

ក្រុមហ៊ុន Bangchak ក៏បានទិញភាគហ៊ុន ៤៥% នៅក្នុងក្រុមហ៊ុន Thanachok Vegetable Oil (2012) Co ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន New Biodiesel ដែលមានជំនាញខាងការផលិតប្រេងដូង និងការប្រមូលប្រេងចម្អិនអាហារ ដែលប្រើរួចផងដែរ។

លោក ថាមារ៉ាត ផារយុនស៊ុក (Thamarat Paryoonsuk) អនុប្រធានប្រតិបត្តិជាន់ខ្ពស់សម្រាប់អាជីវកម្មចម្រាញ់ប្រេង និងការជួញដូរ នៅក្រុមហ៊ុន Bangchak បាននិយាយថា អនុស្សរណៈយោគយល់គ្នានេះគឺស្របតាមគោលគំនិតនៃវដ្ដសេដ្ឋកិច្ច ដែលមានន័យថា ពួកគេអាចកាត់បន្ថយការបោះចោលប្រេងឆាដែលប្រើរួច មិនបានត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន។

លោក ថាម៉ារ៉ាត បាននិយាយថា ការច្នៃប្រេងឆាដែលប្រើរួចសម្រាប់ថាមពលយន្តហោះនេះគឺល្អណាស់សម្រាប់បរិស្ថាន ព្រោះជីវឥន្ធនៈដែលអាចផលិតចេញពីប្រេងឆាប្រើរួច និងកាកសំណល់កសិកម្មប្រភេទនេះ អាចជំនួសឥន្ធនៈយន្តហោះ បានដោយសារលក្ខណៈសម្បត្តិរបស់វាមានប្រហាក់ប្រហែលគ្នា។

ក្រុមហ៊ុន Bangchak កំពុងសាងសង់រោងចក្រកែច្នៃប្រេងឆាដែលប្រើរួច ទៅជាប្រេងយន្ដហោះ ក្នុងតម្លៃប្រមាណ ៣០០លានដុល្លារ ដោយវាមានសមត្ថភាពអាចផលិតបានប្រេងរហូតដល់ ១លានលីតក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា នាពេលកន្លងទៅ ក្រុមហ៊ុន Bangchak ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រេងឆា ដែលប្រើរួចពីក្រុមហ៊ុនចំនួន ១៧ ជាពិសេសពីក្រុមហ៊ុននៅក្នុងអាជីវកម្មម្ហូបអាហារ និងភោជនីយដ្ឋានផងដែរ៕